ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត
ខ្ញុំនិងប្រពន្ធខ្ញុំទៅចរចារជួលផ្ទះកន្លែងមួយដែលស្ថិតនៅម្តុំវត្តដំណាក់ខេត្តសៀមរាបចំងាយពីហាងខ្ញុំចាស់ប្រហែល១គីឡូម៉ែត្រ ខ្ញុំបានជួបជាមួយម្ចាស់ផ្ទះដែលគាត់ជាមន្ត្រីធំឋានៈជាប្រធានមន្ទីរ មើលទៅគាត់ជាមនុស្សមាំទាំណាស់ ការចរចារគឺគាត់ដាក់តំលៃអោយខ្ញុំ១៩០ដុល្លា ខ្ញុំប្រឹងបញ្ចុះបញ្ចូលគាត់ អង្វរគាត់អោយត្រឹម១៥០ដុល្លា តែគាត់ដាច់ខាតមិនបាន ប្រពន្ធខ្ញុំជួយនិយាយគាត់ក៏សំរេចចិត្តអោយតំលៃត្រឹម១៧០ដុល្លា គាត់សួរទៀតថា៖
ម្ចាស់ផ្ទះ៖ ក្មួយទាំងពីរជួលផ្ទះពូប្រុងធ្វើមុខរបររកស៊ីអី បើលក់សាំង និងហាងបាយគឺធ្វើមិនបានទេ ព្រោះពូជាមនុស្សស្អាត ពូនៅខាងលើចឹងពូមិនអោយរកស៊ីរបរទាំងពីរមុខហ្នឹងទេ
ខ្ញុំ៖ បាទពូ!! ខ្ញុំរកស៊ីបោកខោអាវ
ម្ចាស់ផ្ទះ៖ ស្អីគេហា!!! រកស៊ីបោកខោអាវអោយគេ ហ៊ានជួលផ្ទះអញ ១៧០ដុល្លា ១ខែផង (ខ្ញុំនៅចាំពាក្យនេះជាប់ក្នុងត្រចៀកនិងខួរក្បាលខ្ញុំរហូតដល់សព្វថ្ងៃ)
ខ្ញុំ៖ បាទពូ!!! ខ្ញុំចង់បានទឹកស្អាតព្រោះខ្ញុំបើកហាងនៅខាងណោះអត់មានទឹកស្អាតខ្ញុំឡើងខ្មៅក្រចកអស់ហើយ ( ខ្ញុំបង្ហាញក្រចកខ្ញុំអោយគាត់មើល)
ម្ចាស់ផ្ទះ៖ ១៧០ដុល្លាណា!!!អានាង!! បើបើកកើតអញអោយកូនអញឈប់ធ្វើការទាំងអស់មកបើកបោកអ៊ុតវិញហ្អា!!!
ពាក្យសំដីទាំងនេះធ្វើអោយខ្ញុំពិបាកនិងពន្យល់ណាស់ តែខ្ញុំត្រូវតែស៊ូទ្រាំធ្វើម៉េចបើយើងធ្លាក់ខ្លួនទៅហើយ ។ ខ្ញុំក៏បានសំរេចនូវកិច្ចសន្យាជួលផ្ទះកុងត្រា១ ឆ្នាំនៅពេលនោះ ។ ហឺ គិតទៅអ្នកបោកអ៊ុតពិតជាថោកទាបមែន តែខ្ញុំយល់ថាវាពិតជាថោកមែនតែមិនដល់ថ្នាក់ដើរសុំទាន ឬ លួចប្លន់នោះទេ វាជាអាជីវកម្មមួយដែលត្រូវប្រើកំលាំងពលកម្មសុទ្ធសាធមិនចាំបាច់ប្រើខួរក្បាលនោះទេ មិនស៊ីញ៉េចេញប្រាក់នោះទេហើយកាន់តែវាមិនមែនជាលុយសិល្ប៍ ដែលខ្ញុំតែងតែធ្វើពីមុនមកដែរ មិនមែនចាប់ត្រីលើគោក ទៀតឯណា វាជាលុយដែលប្តូរចេញពី ញើសនិងឈាម រហូតដល់ខ្ញុំយល់ថា ដៃសើមទើបបានប្រាក់ ។ ពាក្យរបស់ម្ចាស់ផ្ទះមួយម៉ាត់ៗចាក់បេះដូងខ្ញុំស្ទើរធ្លុះបែកជាចំរៀកៗ របរបោកអ៊ុត!!!ថោកទាប !!!! បោកខោទ្រនាប់!!! បោកអាវទ្រនាប់!!! ក្លិនឆ្អាប ក្លិនឆ្អេះ ខ្ញុំលឺអស់ហើយ ខ្ញុំស៊ាំវាបាត់ទៅហើយ ខ្ញុំធ្លាប់មើលងាយរបរនេះទាំងប៉ុន្មានវាបានសងឡងត្រលប់មកលើខ្ញុំវិញហើយ ចឹងខ្ញុំទ្រាំទទួលបាន។ ក្នុងចិត្តខ្ញុំស្រមៃថា ខ្ញុំនិងធ្វើអោយគាត់ដឹងថា របរបោកអ៊ុតមិនថោកទាបដូចអ្វីដែលគាត់យល់នោះទេ ៕

Comments
Post a Comment