តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន
ក្នុងតុងទីនមានភាគីពីរគឺ មេតុងទីន និងកូនតុងទីន។ តុងទីនមួយគេហៅ តុងទីនមួយក្បាល។ ក្នុងតុងទីនមួយមានមេ
តែម្នាក់ប៉ុណ្ណោះ តែកូនមានច្រើនអាចឡើងដល់ ៦០ ឬ ៧០នាក់ក៏មាន។ កូនតុងទីនជាអ្នកបង់ ហើយនិងដេញតុងទីន។ មេជាអ្នកតំណាងកូនតុងទីនទាំងអស់ក្នុងការសម្របសម្រួលការបង់ និងដេញតុងទីន។
ក្នុងមួយខែម្ដង កូនម្នាក់ៗត្រូវបង់លុយក្នុងបរិមាណថេរមួយដែលបានកំណត់ទៅឱ្យមេដែលជាអ្នកដើរប្រមូល។ ការបង់នេះអាចប្រៀបបាននឹងការដាក់លុយផ្ញើរក្នុងធនាគារដែរ។ ធ្វើបែបនេះរហូតដល់តុងទីនដាច់ឬបញ្ចប់។ នៅក្នុងខែនោះដែរ កូនតុងទីនមានសិទ្ធិដេញតុងទីនម្ដង។ ការដេញតុងទីនអាចប្រៀបបាននឹងការខ្ចីលុយធនាគារដែរ ខុសត្រង់ថាក្នុងការលេងតុងទីន កូនជាអ្នកដេញថ្លៃការប្រាក់។ ដូច្នេះនៅពេលដល់ថ្ងៃដេញតុងទីន កូនតុងទីនត្រូវដេញថ្លៃការ។ បើកូនតុងទីនណាម្នាក់ឱ្យថ្លៃការប្រាក់ខ្ពស់ជាងគេ កូនតុងទីននោះនឹងដេញបាន ហើយទទួលបានលុយក្នុងកញ្ចប់ដែលទើបប្រមូលបាននោះ ប៉ុន្តែត្រូវដកថ្លៃការប្រាក់ ដើម្បី បង់ឱ្យកូនដទៃទៀតដែលដេញមិនបាន ឬគេហៅថានៅរស់ និងត្រូវដកថ្លៃកាត់ទឹកថេរមួយទុកឱ្យមេតុងទីនដែរ។ តុងទីនខ្លះខែទីមួយមិនមានការដេញទេ គឺមេតុងទីនប្រមូលយកលុយតែម្ដង។ ក្នុងករណីនេះមិនមានការកាត់ទឹកឱ្យមេតុងទីនរាល់ពេលដេញទេ។
តោះមើលឧទាហរណ៍ជាក់ស្ដែងមួយ ដើម្បីស្រួលយល់៖
ឧទាហរណ៍៖
ស្រីណែត វល័ក្ខ និងពិសិទ្ធនាំគ្នាលេងតុងទីនមួយក្បាល $100 ដេញមួយខែម្ដង មេតុងទីនកាត់ទឹក$100រាល់ពេលដេញ។ តុងទីនមាន កូន 50នាក់ រាប់ទាំងស្រីណែត វល័ក្ខ និងពិសិដ្ឋ។
តុងទីនខែទី 1៖ កូនទាំង 50 ត្រូវបង់ $100 អញ្ចឹងលុយសរុបនៅក្នុងកញ្ចប់លុយរួមក្នុងមួយខែៗគឺ $5,000។
ពិសិទ្ធដេញការប្រាក់$10 ខ្ពស់ជាងគេក្នុងចំណោមកូនទាំងអស់។ នោះពិសិដ្ធ ដេញបាន $4,410 ($5,000 - $10x49 - $100) ហើយកូនទាំង 49 នាក់ដែលនៅរស់នឹងបានការ $10 ក្នុងម្នាក់។ ឯមេតុងទីនស៊ីទឹក $100។
តុងទីនខែទី 2៖ កូនទាំង 50 ត្រូវបង់ $100 ជារៀងរាល់ខែ អញ្ចឹងលុយសរុបនៅក្នុងខែទីពីរក៏ $5,000 ដូចខែទីមួយដែរ។
ពិសិទ្ធដេញរួចហើយដូច្នេះមិនមានសិទ្ធិដេញទៀតទេក្នុងតុងទីនក្បាលនេះ ឬគេហៅថាងាប់។ ខែនេះវល័ក្ខដេញបានម្ដងក្នុងតម្លៃការប្រាក់ $12។ អញ្ចឹងវល័ក្ខទទួលបាន $4,324 ($5,000 - $12x48 - $100) ហើយកូនទាំង 48 នាក់ដែលនៅរស់នឹងបានការ $12 ក្នុងម្នាក់។ ឯមេតុងទីនស៊ីទឹក $100។
ធ្វើបែបនេះរហូតដល់ខែទី50។
តុងទីនខែទី 50៖ កូនទាំង 50 ត្រូវបង់ $100 អញ្ចឹងលុយសរុបនៅក្នុងកញ្ចប់លុយរួមក្នុងមួយខែៗគឺ $5,000។ កូនទាំង 49 ដេញរួចហើយ សល់តែស្រីណែតម្នាក់តែប៉ុណ្ណោះដែលមិនទាន់បានដេញបាន ឬគេហៅថានៅរស់។ អញ្ចឹងស្រីណែតមិនបាច់ដេញទៀតទេព្រោះនៅសល់តែម្នាក់ឯង។ ដូច្នេះគាត់បានលុយ $4,900 ($5,000- $100) ឬគេហៅថាកើប។
បញ្ជាក់៖ ដោយសារ កូនម្នាក់មានសិទ្ធិដេញឬគេហៅថានៅរស់ម្ដង ដូច្នេះកាលណាតុងទីន នោះដេញមួយខែម្ដង ហើយមានកូន50នាក់តុងទីននឹងមានរយៈពេល 50ខែទើបបញ្ចប់ ឬគេហៅថាដាច់៕
ប្រភព៖ LuyBook #FinLit
ផ្សាយបន្តដោយ៖ Power help

Comments
Post a Comment