ស្ដាប់គេឲ្យបានច្រើន បើមិនចង់ស្ដាយក្រោយ|គួច ម៉េងលី




ក្រៅតែពីអានសៀវភៅ ទស្សនាវដ្ដី កាសែត ឬអានច្បាប់ក្បួនផ្សេងៗ ការស្ដាប់ក៏ជាផ្នែកមួយជួយឱ្យយើងមានការយល់ដឹងទូលំទូលាយ និងសម្បូរគំនិតផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើយើងជាមនុស្សម្នាក់មិនសូវចូលចិត្តស្ដាប់អ្នកដទៃនិយាយ ឬចូលចិត្តនិយាយច្រើនជាងស្ដាប់ នោះយើងប្រាកដជាគ្មានគំនិតទូលំទូលាយឡើយ។

មែនទែនទៅយើងគួរតែឈ្វេងយល់ដោយខ្លួនឯងថា បានជាធម្មជាតិបង្កើតមនុស្សឱ្យមានត្រចៀកពីរ នោះគឺចង់ឱ្យមនុស្សយើងប្រើត្រចៀកស្ដាប់ឱ្យបានច្រើន កុំស្ដាប់អ្វីតែម្ខាងឬមួយជ្រុង ព្រោះវាអាចធ្វើឱ្យយើងវិនិច្ឆយ ឬធ្វើសេចក្ដីសន្និដ្ឋានលើអ្វីមួយខុសជាយថាហេតុ។ ដោយឡែក ការណ៍ដែលធម្មជាតិបង្កើតមនុស្សឱ្យមានមាត់តែមួយ គឺដោយសារធម្មជាតិមិនចង់ឱ្យមនុស្សនិយាយពាក្យអត់ប្រយោជន៍ច្រើនពេក ឬមិនចង់ឱ្យមនុស្សនិយាយពាក្យជេរប្រមាថអ្នកដទៃច្រើនពេកផងដែរ។ ប្រសិនបើនិយាយពាក្យអត់ប្រយោជន៍ច្រើនពេក នោះអាចនឹងបង្កឱ្យមានបញ្ហាដល់ខ្លួនជាក់ជាមិនខាន។

ខ្ញុំតែងសង្កេតឃើញជារឿងៗថា បុគ្គលដែលយកចិត្តទុកដាក់ស្ដាប់អ្នកដទៃច្រើន គឺច្រើនតែមានចំណេះដឹងទូលំទូលាយ និងជោគជ័យនៅថ្ងៃអនាគត។ បើនិយាយពីការសិក្សាវិញក៏មិនខុសគ្នាដែរ ពោលសិស្សដែលយកចិត្តទុកដាក់ស្ដាប់គ្រូពន្យល់ គឺនឹងទទួលបានចំណេះដឹងច្រើនជាងសិស្សដែលមិនសូវស្ដាប់គ្រូ។ សិស្សដែលមិនសូវយកចិត្តទុកដាក់រៀនសូត្រ និងមិនសូវយកចិត្តទុកដាក់ក្នុងការស្ដាប់គ្រូពន្យល់មេរៀន ច្រើនតែស្ដាយក្រោយនៅពេលពួកគេចូលប្រឡូកក្នុងសង្គមការងារ។ ព្រោះពួកគេគ្មានចំណេះដឹងទូលំទូលាយ ពួកគេមិនសូវយល់ពីការងារ និងមានបញ្ហាផ្សេងៗជាច្រើនទៀត។

ដូច្នេះហើយ ខ្ញុំសូមផ្ដាំក្មួយៗ និងយុវជនជំនាន់ក្រោយទាំងអស់ថា ប្រសិនបើចង់ចេះអ្វីមួយ បើចង់ជោគជ័យអ្វីមួយ... ត្រូវស្ដាប់អ្នកមានបទពិសោធ អ្នកមានចំណេះដឹងខ្ពង់ខ្ពស់ និងអ្នកជោគជ័យឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ គឺយើងអាចស្ដាប់តាមរយៈប្រព័ន្ធ YouTube ឬតាមរយៈណាត់ជួបសូមមតិយោបល់ផ្ទាល់ ឬក៏តាមរយៈការចូលរួមកម្មវិធីសិក្ខាសាលានានា ស្ដាប់វាគ្មិននិយាយជាដើម៕

ប្រភព៖ MJQUP

ផ្សាយបន្តដោយ៖ Power help

Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត