និយមន័យបុរសដើមទ្រូង៥ហត្ថ


បុរសដើមទ្រូង ៥ហត្ថ ដែលយើងទាំងអស់គ្នា ធ្លាប់តែឮគេនិយាយតៗគ្នា ហើយក៏ឲ្យនិយមន័យពាក្យថាបុរសដើមទ្រូង៥ហត្ថនេះផ្សេងៗពីគ្នាដោយយកសេចក្តីណាមួយ ឲ្យពិតប្រាកដពុំបានឡើយ ព្រោះវាគ្រាន់តែជាពាក្យសម្តីមួយ ដែលពោលមកតៗគ្នា គ្មានហេតុជាក់លាក់ពិតប្រាកដត្រង់ណានោះទេ។ ដូច្នេះក្នុងនាមខ្ញុំជាអ្នកសិក្សាស្រាវជ្រាវអំពីចំណេះដឹងទូទៅថ្ងៃនេះខ្ញុំសូមពាំនាំនូវអ្វីដែលខ្ញុំបានសិក្សាស្រាវជ្រាវទាក់ទងជាមួយនឹងនិយមន័យបុរសដើមទ្រូង៥ហត្ថជូនដល់អ្នកទាំងអស់គ្នាដើម្បីជាការបង្កើននូវចំណេះដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
បុរសដើមទ្រូង៥ហត្ថគឺសំដៅដល់បុរសដែលមានលក្ខណៈសម្បត្តិចំនួន៥ដូចតទៅ៖

១) ភាពក្លាហាន គឺជាសក្ដានុពលមួយ ដែលកើតចេញអំពីធម្មជាតិ និងកម្លាំងចិត្តរបស់មនុស្សគ្រប់

រូប ព្រោះវាបានបង្ហាញឲ្យឃើញនូវភាពអង់អាច ភាពព្យាយាមតស៊ូ ភាពអត់ធ្មត់ ការតទល់ជាមួយនឹងឧបសគ្គគ្រប់បែបយ៉ាង ហើយដោះស្រាយអំពីបញ្ហាជីវិតរបស់ខ្លួនទៀតផង។ ភាពក្លាហានមោះមុត សេចក្តីអំណត់អត់ធន់ និងការតស៊ូព្យាយាម គឺជាអាវុធដ៏មុតស្រួចក្នុងការការពារ និងឈានទៅរកភាពជោគជ័យបាន។
សម្រាប់បុរសវិញ ក្រោយពីខ្លួនមានសេចក្ដីក្លាហានជាចម្បងហើយ គឺត្រូវតែមានដំណោះស្រាយមួយទៀត ដែលខ្លួនត្រូវដោះស្រាយ ហើយត្រូវហ៊ានទទួលខុសត្រូវខ្ពស់បំផុត ចំពោះទង្វើរបស់ខ្លួន នៅពេលដែលបានប្រព្រឹត្តសុខឆ្គាំឆ្គង ឬក្បត់ចិត្តភរិយា មានស្រីថ្មីដោយការលាក់កំបាំង ដោយប្រការណាមួយ ចំពោះមនុស្សដែលជាទីស្រលាញ់របស់យើង មនុស្សក្នុងគ្រួសារ មិត្តភក្តិ មនុស្សក្នុងសង្គម និងប្រទេសជាតិរបស់ខ្លួនទៀតផង។ ក្នុងនាមខ្លួនជាបុរសមិនត្រូវគេចវេះដើរចេញពីទង្វើដែលខ្លួនធ្វើខុស ដោយគ្មានការទទួលខុសត្រូវនោះទេ ត្រូវតែហ៊ានប្រឈមមុខដោយសេចក្ដីក្លាហាន ដោយភាពអង់អាចបំផុត ដោយមិនមានការរាថយ ងាករេគេចចេញមុខទៅណាឡើយ លុះត្រាតែបានជ័យជម្នះ ឬបានសារភាពប្រាប់នូវកំហុសនោះ ទើបសុខចិត្ត។

២) ស្វែងរកព្រទ្យ ទ្រព្យសម្បត្តិជាវត្ថុធាតុមួយ ដែលសង្គមមនុស្សនិយមប្រើប្រាស់វា សម្រាប់ជួយ

ឧបត្ថម្ភគាំទ្រជីវភាពរស់នៅ របស់មនុស្សឲ្យកាន់តែប្រសើរឡើង ព្រមទាំងសេចក្ដីសុខស្រួលកើនឡើងមួយកម្រិតទៀត ពោលគឺធ្វើឲ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ មានការរីកចម្រើនឡើងជាលំដាប់ និងជាបន្តបន្ទាប់។ ហើយទ្រព្យសម្បត្តិនេះ វាជាគុណសម្បត្តិមួយ ដែលធ្វើឲ្យការរស់នៅរបស់មនុស្សមានភាពធូរធារ ហើយអាចកំចាត់បង់សេចក្ដីទុក្ខសោក ដែលកើតឡើងពីការស្រេកឃ្លាន ឬសុខក្នុងកាប្រើប្រាស់បច្ច័យបួនជាដើម។
សុភាពបុរស បន្ទាប់ពីមានសេចក្ដីក្លាហានហើយ ជំហានជាបន្តបន្ទាប់ទៀត គឺការស្វែងរកទ្រព្យ ដែលស្ថិតនៅក្នុងបណ្ដាលវ័យទាំង ៣គឺ៖
ក) បឋមវ័យ ត្រូវស្វែងរកទ្រព្យគឺ ចំណេះវិជ្ជា យកមកទុកដាក់ឲ្យមានក្នុងខ្លួន ព្រោះចំណេះវិជ្ជា ជាទ្រព្យដ៏មានតម្លៃបំផុត រកទ្រព្យក្នុងលោកយើងនេះ យកមកប្រៀបផ្ទឹមពុំបានឡើយ នៅពេលដែលមនុស្សយើងមានវិជ្ជាហើយ អាចយកចំណេះវិជ្ជានោះ ទៅដោះស្រាយបញ្ហាជីវិតបាន ដើម្បីបង្កើនទ្រព្យឲ្យបានកាន់តែប្រសើរឡើង។ ដូច្នេះ ឪពុកម្តាយ ដែលបានបញ្ជូនកូនៗឲ្យទៅសិក្សារៀនសូត្រ ដូចជាបានសន្សំទ្រព្យទុកឲ្យកូនៗយ៉ាងដូច្នោះដែរ។
ខ)  មជ្ឈិមវ័យ នៅក្នុងវ័យនេះ ជាវ័យមួយដែលមនុស្សគ្រប់រូប ស្វែងរកគ្រួសារ គឺភរិយាស្វាមី ដើម្បីរៀបចំផ្លូវនៃអនាគតរបស់ខ្លួន បន្ទាប់ពីការសិក្សាចប់។ ក្រោយពេល ដែលជីវិតអាពាហ៍ពិពាហ៍កើតឡើង អាស្រ័យដោយមាតាបិតា បានរៀបចំទុកដាក់ឲ្យជាស្រេចហើយ។ បុរសជាស្វាមីត្រូវស្វែងរកទ្រព្យសម្បត្តិ មានមាសប្រាក់លុយកាក់ជាដើម យកមកចិញ្ចឹមបុត្តភរិយា ព្រមទាំងមាតាបិតា ដែលគាត់មានវ័យចាស់ជរាផង ដើម្បីធ្វើឲ្យគ្រួសារមានជីវភាពធូរស្រាល មិនលំបាកវេទនា បានញ៉ាំងឲ្យសង្គមមនុស្សទទួលស្គាល់ អំពីកិត្តិយសកេរ្តិ៍ឈ្មោះរបស់ខ្លួនផងដែរ។
គ) បច្ចឹមវ័យ ជាវ័យចុងក្រោយ ហើយក៏ជាវ័យមួយ ដែលត្រូវកសាងសន្សំសេចក្តីល្អទុកឲ្យបានច្រើន គឺមិនត្រូវស្រវឹងវង្វេងភ្លេចខ្លួន ភ្លេចសេចក្ដីស្លាប់នោះទេ ត្រូវធ្វើការពិចារណាឲ្យបានរឿយៗ ដើម្បីឲ្យឃើញសេចក្ដីពិត ដែលមានប្រាកដ នៅក្នុងលោកយើងនេះ ហើយត្រូវញញឹមទទួលស្គាល់នូវការពិតទាំងអស់នោះ។ បន្ទាប់មក ត្រូវសន្សំទុកនូវអរិយទ្រព្យទាំង ៧ប្រការ ដែលជាទ្រព្យដ៏ប្រសើរ សម្រាប់នាំផ្លូវជីវិតមនុស្សឲ្យឈាន ទៅរកសេចក្ដីសុខក្នុងលោកនេះផង និងលោកខាងមុខផង រហូតដល់នូវព្រះនិព្វាន ដែលជាទីមិនមានការកើតចាស់ឈឺស្លាប់ទៀតឡើយ។
សរុបសេចក្ដីមក បុរសត្រូវចេះស្វែងរកទ្រព្យទាំងបីប្រការនេះឲ្យបាន ដើម្បីញ៉ាំងជីវិត និងគ្រួសារឲ្យស្ថិតនៅក្នុងឧត្តមគតិជីវិត ប្រាសចាកបាបអកុសលផ្សេងៗ ដែលមករារាំងបិទបាំងផ្លូវចិត្តមិនឲ្យបំពេញសេចក្ដីល្អបាន សម្រាប់ជាតិនេះ និងជាតិខាងមុខ។

៣) ធ្វើការមិនដាក់ធុរៈចោល ក្នុងសង្គមមនុស្សយើង។ ការងារមានច្រើនប្រការណាស់ ទាំងការងារស្របច្បាប់ និងទាំងការងារប្រាសចាកច្បាប់​ប៉ុន្តែអ្វីដែលស្មេរចង់លើកមកនិយាយនោះ មិនបានពោលចំពោះការងារខុសច្បាប់នោះទេ​។ សូមលើកយកតែកិច្ចការណា ដែលស្របច្បាប់ មិនប្រកបដោយទោស ជាកិច្ចការប្រកបដោយសុចរិតទៀងត្រង់ ក្នុងការរស់នៅរបស់សង្គមមនុស្សតែប៉ុណ្ណោះឯង។
ការសិក្សារៀនសូត្រក្តី ការរក្សាគោក្តី ការងារកសិកម្មក្តី ពាណិជ្ជកម្មក្តី សុទ្ធសឹងជាកិច្ចការ ដែលផ្តល់នូវប្រយោជន៍ដល់សង្គមមនុស្ស ហើយធ្វើឲ្យសង្គមមនុស្សរស់នៅ ក្នុងភាពដ៏ឧត្តមប្រសើរថ្លៃថ្លា។ ដូច្នេះហើយក្នុងនាមខ្លួនជាបុរស ពេលដែលសម្រេចចិត្តប្រកបកិច្ចការ ឬធ្វើការងារអ្វីមួយនោះ ត្រូវតាំងចិត្តព្យាយាម ធ្វើលុះត្រាតែបានសម្រេច មិនត្រូវបណ្តែតបណ្តោយឲ្យពេលវេលាកន្លងទៅ ដោយឥតប្រយោជន៍ទទេឥតការនោះទេ ឬក៏ខ្ជិលច្រអូសមិនខ្ចីរវល់កិច្ចការរបស់ខ្លួន ឲ្យបានសម្រេច ហើយបែរជាទុកដាក់ការងារទាំងអស់នោះចោលទៅវិញ។ កាលបើបុរសធ្វើដូច្នេះ ឈ្មោះថា កំពុងបានកំចាត់បង់នូវប្រយោជន៍ទាំងពីរចោលហើយ។
ហេតុនេះហើយ បុរសមិនត្រូវដាក់ធុរៈចូលនោះទេ ត្រូវតែព្យាយាមប្រឹងប្រែងធ្វើកិច្ចការការងារឲ្យបានសម្រេច តាមគោលបំណងដែលខ្លួនចង់បាន ទោះជាការងារសិក្សារៀនសូត្រក្តី កសិកម្មក្តី ពាណិជ្ជកម្មក្តី ត្រូវតែឧស្សាហ៍ព្យាយាមឃ្មាតខ្មីខ្នះខ្នែងខ្វល់ខ្វាយចំពោះកិច្ចការនោះៗ ហើយត្រូវដល់ព្រមដោយឆន្ទៈ វិរិយៈ ចិត្តៈ និងវិមំសា​ ទើបអាចសម្រេចតាមសេចក្ដីប្រាថ្នាចង់បានរបស់ខ្លួន ចំពោះការងារនោះវិញ ក៏បានប្រសើរថ្លៃថ្លាផងដែរ។

៤) ចេះចែករំលែក ជាធម្មតាការរស់នៅក្នុងសង្គម ត្រូវតែចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ហើយធ្វើសេចក្ដីសង្គ្រោះសន្តោសត្រាប្រណី ដល់មនុស្សរួមរស់ជាមួយគ្នា មិនមានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈទាបខ្ពស់ ​សខ្មៅ ជំនឿសាសនាអ្វីឡើយ។ ដោយយល់ឃើញថា មនុស្សសត្វដែលបានកើតមកក្នុងលោកយើងនេះ ប្រាថ្នាចង់បានសេចក្ដីសុខ ក្នុងការរស់នៅដូចគ្នាដែរ ហើយគ្មានបុគ្គលណាម្នាក់ ឬសត្វណាមួយ ចង់បានឲ្យគេបៀតបៀន សម្លាប់ផ្តាច់យកជីវិតរបស់ខ្លួននោះ ហើយក៏មិនចង់ឲ្យបុគ្គលណាមួយ ផ្តល់សេចក្ដីទុក្ខដល់ខ្លួននោះដែរ។
សម្រាប់មនុស្សយើង នៅពេលដែលយើងដឹងថា ខ្លួនមានកិច្ចការការងារល្អ។ រីឯជីវភាពរស់នៅវិញ ក៏ប្រសើរជាងអ្នកដទៃ ជាបុគ្គលដែលប្រកបដោយសេចក្ដីសុខគ្រប់ប្រការ គ្មានការខ្វះខាតដោយប្រការណាមួយក្នុងការប្រើប្រាស់ទ្រព្យ។ ដូច្នោះហើយ ត្រូវតែមានសន្តានចិត្ត ចេះបំពេញធ្វើសេចក្ដីល្អ ពោលគឺ ត្រូវចេះចែករំលែកវត្ថុ ដែលខ្លួនមានឲ្យដល់បុគ្គលអ្នកកំសត់ទុគ៌ត មានអវៈយវៈពិការ មានពិការភ្នែកដៃជើងជាដើម។ ដោយឃើញភាពវិកលវិការរបស់ជនទាំងនោះហើយ ក៏មានសេចក្ដីសង្វេគ មានការអាណិតអាសូរដល់ជនទាំងអស់នោះ។

ការចែករំលែក គឺមានច្រើនប្រភេទ និងច្រើនប្រការណាស់ បុន្តែសូមឲ្យយើងទាំងអស់គ្នា ធ្វើការពិចារណាក្នុងការចេះចែករំលែកទាំង ៤ ចំណុចគឺ៖
 ក. ការចេះចែករំលែកនូវចំណេះដឹង
 ខ. ការចេះចែករំលែកនូវបទពិសោធ
 គ. ការចេះចែករំលែកនូវទ្រព្យដែលខ្លួនមានជាទាន
 ឃ. ការចេះចែករំលែកនូវចំណែកបុណ្យ
ការចេះចែករំលែកទាំង ៤យ៉ាង ដែលមនុស្សយើងគ្រប់គ្នា តែងតែបំពេញមិនដែលអាក់ខាន ដោយមើលឃើញសេចក្ដីទុក្ខលំបាកវេទនា របស់ញាតិមិត្តបងប្អូនកូនចៅ មាតាបិតា សាច់សាលោហិត មនុស្សក្នុងសហគមន៍ ប្រទេសជាតិរបស់ខ្លួន ព្រមទាំងមនុស្សសត្វក្នុងសកលលោកយើងនេះ។ ព្រោះថាបុគ្គលដែលចេះចែករំលែក ឈ្មោះថាបានបំពេញនូវអភ័យទាន គ្មានចិត្តគំនុំគុំគួនព្យាបាទ ចងអាឃាតបៀតបៀនគ្នាអ្វីឡើយ។ ហើយបានសម្តែងឲ្យឃើញអំពីទឹកចិត្តដ៏បរិសុទ្ធ គឺគ្មានការប្រឡាក់ប្រឡុស ដោយមន្ទិល បាបអកុសល មានសេចក្ដីលោភ សេចក្ដីក្រោធ សេចក្តីវង្វេងជាដើម។

៥) មិនស្រវឹងអំណាចដែលគេប្រគល់ឲ្យ អំណាចយសសក្តិកើតឡើង ដោយការឧស្សាហ៍ព្យាយាមប្រឹងប្រែង រួមទាំងកម្លាំងបុណ្យព្រេងវាសនា ដែលខ្លួនបានសន្សំទុកមកផងដែរ។ បើគ្មានហេតុទាំងពីរប្រការនេះទេ មិនអាចសម្រេចតាមការប្រាថ្នាចង់បាននោះឡើយ។ ប្រសិនបើបុគ្គល មិនបានធ្វើអ្វីទាំងអស់ ហើយគ្រាន់តែអង្គុយអុជធូបបន់ស្រន់ គ្មានសេចក្ដីព្យាយាមទេ តើនឹងសម្រេចតាមការចង់បានរបស់ខ្លួន ដូចម្តេចបានទៅ? ដោយហេតុថា បុគ្គលដែលមិនមានវិរិយភាព ហើយក៏មិនបានសន្សំបុណ្យទុកមកពីកាលមុនដែរ។ យសសក្តិកើតឡើងដោយការព្យាយាមផង ដោយបុណ្យដែលបានធ្វើទុកអំពីកាលមុនផង ទើបអាចសម្រេចតាមការប្រាថ្នាចង់បាន។ ដូច្នេះហើយបុគ្គលគឺមិនត្រូវស្រវឹងវង្វេង ក្នុងអំណាចយសសក្តិខ្លាំងពេកទេ ព្រោះថា របស់ណាដែលគេប្រគល់ឲ្យយើង វាមិនបាននៅគង់វង្សយូរអង្វែងឡើយ។ វាតែងតែមានសភាពប្រែប្រួលជានិច្ច នៅក្នុងទស្សនព្រះពុទ្ធសាសនា បានសម្តែងទុកមកថា មនុស្សដែលបានកើតមកក្នុងលោក តែងតែជួបប្រសព្វនូវរសជាតិនៃជីវិតរាប់រយជំពូក មានផ្អែម ល្វីង ជូរចត់ សាប ប្រៃ ស ខ្មៅ ល្អ អាក្រក់។ល។ ប៉ុន្តែអ្វីដែលជាគោលការណ៍ ដ៏មានសារៈសំខាន់នោះ គឺព្រះពុទ្ធអង្គទ្រង់ចង់ឲ្យមនុស្សសត្វ ស្គាល់អំពីរសជាតិរបស់ជីវិតទាំង ៨ប្រការគឺ៖
-ការមានលាភ -ការឥតលាភ
-ការមានយស -ការឥតយស
-ការសរសើរ    -ការនិន្ទា
-សេចក្តីសុខ    -សេចក្ដីទុក្ខ

ប្រសិនបើយើងចែកចេញជាគូនោះ មានបួនគូ ហើយរសជាតិជីវិតទាំងប្រាំបីនេះ គឺមាននៅក្នុងលោកយើងនេះឯង។ ហេតុនេះ បុគ្គលមានអំណាច មានយសសក្តិ មិនត្រូវស្រវឹងវង្វេងភ្លេចខ្លួននោះទេ ត្រូវគិតទៀតថា អំណាចយសសក្តិ ពេលដែលមានការកើតឡើងហើយ និងមានការវិនាសទៅវិញជាធម្មតា។ ដូច្នេះបុគ្គលត្រូវព្យាយាមធ្វើចិត្តឲ្យស្មើ មិនត្រូវឈ្លក់វង្វេងខ្លាំងពេកទេ ត្រូវរៀនដាក់កាយដាក់ចិត្ត ទទួលស្គាល់ហេតុការណ៍ថា នឹងកើតឡើងដល់ខ្លួន ក្នុងថ្ងៃណាមួយមិនខានឡើយ ត្រូវឧស្សាហ៍ព្យាយាម ដើរតាមផ្លូវកណ្តាលជានិច្ច ទើបជីវិតយើងរស់នៅប្រកបដោយក្ដីសុខ គ្មានភាពសោកស្តាយ និងប្រកបដោយសុភមង្គលក្នុងការរស់នៅទៀតផង៕
ស្រង់ចេញពី សៀវភៅ៖ ធម៌ជាមាគ៌ាដើម្បីអភិវឌ្ឍន៍ជីវិត
ទំព័រ.១១៨-១៣០
បោះពុម្ព៖ ព.ស ២៥៥៥, គ.ស ២០១២

អ្នករៀបរៀង៖ក្លត ដៀន

នាំមកជូានដោយ៖ Power help


Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត