ប្រវត្ដិដ៏​ជូរចត់របស់​Jack​Ma​មុន​បង្កើត​ក្រុមហ៊ុន​Alibaba


លោក​Jack​Ma​ស្ថាបនិក​ក្រុមហ៊ុន​Alibaba​មាន​ដើម​កំណើត​ក្នុង​ខេត្ត​Zhejiang​ប្រទេស​ចិន​បច្ចុប្បន្ន​មាន​វ័យ​៥៣​ឆ្នាំ។​លោក​ធ្លាប់​ឆ្លង​កាត់​រឿង​ឈឺ​ចាប់​​និង​បទ​ពិសោធន៍​បរាជ័យ​រាប់​មិន​អស់​ទម្រាំ​បង្កើត​ក្រុមហ៊ុន​លក់​ទំនិញអនឡាញ​ខ្នាត​ធំ​មួយ​ដែល​​គេ​ទទួល​ស្គាល់​ទូទាំងពិភពលោក។
តើ​លោក​Jack​Ma​​ជួប​រឿងរ៉ាវ​ជីវិត​បែប​ណា​ខ្លះ​ទើប​អាច​ប្រែ​ខ្លួន​​ពី​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ប្រាក់​ខែ​១២ដុល្លារ​ទៅជា​​មហា​សេដ្ឋី​មាន​ប្រាក់​ជាង​៥០ប៊ីលាន​ដុល្លារ​​ដូច​សព្វថ្ងៃ?

#ដំណើរ​ចាប់​ផ្តើម​ជីវិត​របស់​Jack​Ma
មហា​សេដ្ឋី​​Jack​Ma​ចាប់​កំណើត​នៅ​ក្រុង​​Hangzhou​ខេត្ត​Zhejiang​ក្នុង​ត្រកូល​គ្រួសារ​ក្រ​ខ្សត់​ដោយ​មាន​ឪពុក​ម្ដាយ​ជា​អ្នក​មាន​ជំនាញ​សិល្បៈ​Ping​Tan។​ដើម្បី​ជម្នះ​ក្នុង​ស្ថានភាព​សិក្សា​ជាមួយ​មិត្ត​រួម​ថ្នាក់​Ma​ត្រូវ​បង្ខំ​ចិត្ត​ទៅ​សណ្ឋាគារ​ក្នុង​ស្រុក​រាល់​ថ្ងៃ​ដើម្បី​មាន​ឱកាស​ជួប​ជនបរទេស​​និង​អនុវត្ត​ភាសា​អង់គ្លេស​ជាមួយ​ពួក​គេ​ហើយ​បាន​យក​ថវិកា​ទិញ​វិទ្យុ​តូច​មួយ​​ដែល​អាច​ស្តាប់​ការ​សិក្សា​​ភាសាសន្ទនា​ប្រចាំ​ថ្ងៃ។​
ថ្វី​បើ​មាន​ជំនាញ​លើ​ភាសា​អង់គ្លេស​ប៉ុន្តែ​លោក​ខ្សោយ​ខាង​គណិតវិទ្យា​រហូត​ត្រូវ​ធ្លាក់​ការ​ប្រលង​បញ្ចប់​វិទ្យាល័យ​ដល់​ទៅ​២​លើក​ជាប់​គ្នា។​​​ការ​ព្យាយាម​លើក​ទី​៣​ទើប​ទទួល​បាន​ជោគជ័យ​និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​គ្រូ​បង្រៀន​ក្នុង​ទីក្រុង​Hangzhou​នា​ឆ្នាំ​១៩៨៨។​គ្រា​នោះ​លោក​ក៏​ត្រូវ​បាន​គេ​បដិសេធ​សំណើ​សុំ​ធ្វើ​ការងារ​រាប់​មិន​អស់​មិន​ថា​តែ​​ហាង​លក់​មាន់​បំពង​​KFC​។
យ៉ាងណាមិញ​​Jack​Ma​ក៏​មាន​ឱកាស​ក្លាយ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​ដោយ​រក​ចំណូល​បាន​​១២​ដុល្លារ​ក្នុង​មួយ​ខែ​​នៅ​សកលវិទ្យាល័យ​មួយក្នុង​តំបន់។​

#ដំណើរដើម​ទង​ធ្វើ​ឲ្យ​មាន​ការ​បង្កើត​Alibaba
បន្ទាប់​ពី​បញ្ចប់​អាជីព​ជា​គ្រូ​បង្រៀន​ក្នុង​ឆ្នាំ​១៩៩៥​លោក​Ma​មាន​ឱកាស​ទៅ​ទឹក​ដី​សហរដ្ឋអាមេរិក​ជា​លើក​ដំបូង​ហើយ​ត្រូវ​បាន​គេ​នាំ​ឲ្យ​ស្គាល់​ពី​អ្វី​ទៅ​ជា​អ៊ីនធឺណិត។​លុះ​វិល​មក​ដល់​ស្រុក​កំណើត​លោក​ក៏​បាន​បង្កើត​អាជីវកម្ម​លើ​អ៊ីនធឺណិតឈ្មោះឲ្យ​China​Pages​ប៉ុន្តែលោក​ត្រូវ​​រង​សម្ពាធ​ពីការ​ទាមទារ​ឲ្យ​បណ្ដាក់ទុន​ជាមួយ​China​Telecom​រហូត​ធ្វើ​ក្រុមហ៊ុន​ទាំង​មូល​បាត់បង់តុល្យភាព​និង​ត្រូវ​បរាជ័យ។​នេះ​បើ​យោង​តាម​សារព័ត៌មាន​The​New​York​Times​បាន​ចុះ​ផ្សាយ។
​ភាព​អត់ធ្មត់​នៅ​ជាប់​ក្នុង​ចិត្ត​ជា​និច្ច​​ជំរុញ​ឲ្យ​Ma​ក្រោក​ឈរ​ម្តង​ទៀត​នា​ឆ្នាំ​១៩៩៩​ហើយ​បាន​ហៅ​មិត្ត​១៧​នាក់​មក​ពិភាក្សា​ក្នុង​បន្ទប់​ជួល​មួយ​ដើម្បី​បង្កើត​អាជីវកម្ម​លក់​ទំនិញ​លើ​Online។​​គ្រា​នេះ​ហើយ​ដែល​Alibaba.com​បាន​លេច​វត្តមាន​ដែល​អនុញ្ញាត​ឲ្យ​បណ្តា​អ្នក​លក់​​​អាច​ធ្វើ​ការ​បង្ហោះ​ចេញ​នូវ​ទំនិញ​របស់​ខ្លួន​ហើយ​អតិថិជន​អ្នក​ទិញ​មាន​សិទ្ធិធ្វើ​ការ​ស្វែងរក​យ៉ាង​ធំ​ទូលាយ។​សំណាង​ល្អ​ក្នុង​ខែ​តុលា​ឆ្នាំ​១៩៩៩​ក្រុមហ៊ុន​ក៏​ទទួល​បាន​ការ​វិនិយោគ​៥លាន​ដុល្លារ​ពី​ក្រុមហ៊ុន​Goldman​Sachs​និង​២០លាន​ដុល្លារ​ពី​ធនាគារ​SoftBank​ដែល​មាន​គោលដៅ​ចូល​រួម​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា។​
ភាព​ជោគជ័យ​ត្រូវ​បាន​បង្ហាញ​ទៅ​កាន់​ពិភពលោក​ហើយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ចាប់​ផ្តើម​ពង្រីក​សាខា​ទៅ​ជា​គេហទំព័រ​Taobao​មួយ​បន្ថែម​ទៀត​ដើម្បី​ប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស​eBay​ដែល​ព្យាយាម​វាយលុក​ទីផ្សារ​ប្រទេស​ចិន។​​រហូត​ដល់​ពាក់​កណ្ដាល​ទសវត្ស​ឆ្នាំ​២០០០​សម្ព័ន្ធ​របស់​Alibaba​ក៏​ផ្តួល​eBay​បាន​សម្រេច​ហើយ​មក​ទល់​បច្ចុប្បន្ន​ក៏​ក្លាយ​ជា​គេហទំព័រ​មួយ​ក្នុង​ចំណោម​២០​ដែល​មាន​អ្នក​ចូល​មើល​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក​រួម​បញ្ចូល​ទាំង​Alibaba,​Tmall​ផង​នោះ។ ប៉ុន្តែ​ដល់​ឆ្នាំ​២០១៣​លោក​Ma​បាន​ដើរ​ចេញ​ពី​តំណែង​CEO​ហើយ​ឲ្យ​លោក​Johnathan​Lu​ឡើង​ជំនួស​គ្រា​នោះ​គាត់​បញ្ជាក់​ថា​"វា​ងាយ​ស្រួល​ទេ​សម្រាប់​ខ្ញុំ​ក្នុង​ការលាឈប់ពី​CEO​ប៉ុន្តែ​ក្នុង​ការ​ក្លាយ​ជា​ប្រធាន​ធំ​ដ៏​ល្អ​ម្នាក់​ពេល​ខ្លះ​យើង​ក៏​សំបូរ​រឿង​រវល់​ជាង​CEO​ទៅ​ទៀត"។​

គួរបញ្ជាក់​ថា​Alibaba​Group​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ​​រក​ចំណូល​បាន​២៣,៨២ប៊ីលាន​ដុល្លារ​ហើយ​មាន​បុគ្គលិក​សរុប​ជាង​៥ម៉ឺន​នាក់​ដោយ​ចែក​ជា​សម្ព័ន្ធ​ដៃគូ​ប្រហែល​១០ក្រុមហ៊ុន​ជុំវិញ​ពិភពលោក។​ពាក្យ​ស្លោក​មួយ​របស់​ក្រុមហ៊ុន​​បាន​កំណត់​ថា​"ដើម្បី​ទទួល​បាន​ភាព​ងាយស្រួល​គឺ​ជា​ការ​ធ្វើ​អាជីវកម្ម​គ្រប់​ទី​កន្លែង"៕

នាំមកជូនដោយ៖ Power help

Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត