ហេតុអ្វីចាប់ហួយនៅតែពេញនិយមនៅក្នុងប្រទេសជប៉ុន?
បើទោះបីជាជប៉ុនគឺជាប្រទេសអភិវឌ្ឍន៍ដ៏ជឿនលឿនមួយនៅក្នុងពិភពលោកក្តី ក៏ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍មើលរឿងជប៉ុនច្រើន នោះអ្នកនឹងចាប់អារម្មណ៍ឃើញថា អាជីវកម្មបែបចាប់ហួយតូចៗនៅតែមានការពេញ
និយមច្រើន ហើយខាងក្រោមនេះគឺជាមូលហេតុ៖
១, មានសាមគ្គីភាពជាមួយចាប់ហួយដទៃ
អ្នកលក់ចាប់ហួយនៅជប៉ុនមានការសហការគ្នាបានល្អ ពោលពួកគេតែងតែពិគ្រោះ ពិភាក្សា ចែករំលែកបទពិសោធ ហើយក៏មានបង្កើតកម្មវិធីសន្សំពិន្ទុ ប្តូរយកទំនិញផ្សេងៗផងដែរ មិនថាអ្នកទិញទំនិញនោះពីហាងណានោះទេ អោយតែស្ថិតនៅក្នុងតំបន់តែមួយ។ សាមគ្គីភាពនេះ ធ្វើអោយប្រជាជនជាច្រើន និយមធ្វើការទិញទំនិញតាមតូបចាប់ហួយទាំងនេះ ដើម្បីអាចគាំទ្រសហគមគេ ណាមួយវាក៏មានភាពកក់ក្តៅផងដែរ។
២, តម្លៃថោក និងគុណភាពល្អជាងនៅម៉ាត
ម្ចាស់ចាប់ហួយទាំងនេះយកចិត្តទុកដាក់ខ្លាំងណាស់ ទៅលើទំនិញដែលគេនឹងយកមកដាក់លក់ ជាក់ស្តែងវាត្រូវមានកាលផុតកំណត់យូរ គុណភាពល្អ ហើយគប្បីត្រូវមានតម្លៃធូរថ្លៃជាងទំនិញនៅម៉ាតផងដែរ។
៣, ជប៉ុនមានមនុស្សវ័យចំណាស់ច្រើនជាងជំទង់
ដោយសារតែប្រទេសនេះ មានប្រជាជនវ័យចំណាស់ច្រើននោះ ហេតុដូច្នេះពួកគេនិយមទិញឥវ៉ាន់ដែលនៅជិតផ្ទះ និងមានលក្ខណៈបែបប្រពៃណី ជាជាងទៅទិញនៅម៉ាត ឬ ផ្សារទំនើបដែលអាចនឹងមានចម្ងាយឆ្ងាយ ពិបាកធ្វើដំណើរ។ រឹតតែពិសេសទៀតនោះ ចាប់ហួយទាំងនោះ ក៏មានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋានផងដែរ។
៤, មានសេវាកម្មបន្ថែមក្រៅពីលក់ចាប់ហួយ
នៅទីនោះ យើងមិនត្រឹមតែអាចស្វែងរកទំនិញចាប់ហួយទូទៅនោះទេ តែគេក៏មានសេវាកម្មផ្សេងទៀតផងដែរ ដូចជាដាក់បោកគក់ខោអាវ លក់នំ អាហារ ជាដើម ជាហេតុធ្វើអោយបទពិសោធទីនោះ វាខុសប្លែកពីម៉ាត ឬ ផ្សារទំនើបទូទៅតែម្តង៕
ប្រភព៖CamboFinance
ផ្សាយបន្តដោយ៖ Power help


Comments
Post a Comment