មេរៀន៧ចំណុចពី លោក បេនយ៉ាមីន ហ្រ្វែងឃ្លីន Benjamin Franklin.
បើទោះបីជាលោកអ្នកមិនធ្លាប់បានស្គាល់លោក Benjamin Franklin ប៉ុន្ដែយ៉ាងហោចណាស់អ្នកប្រាកដជាធ្លាប់បានឃើញរូបមនុស្សប្រុសដែលនៅលើក្រដាសប្រាក់ ១០០ ដុល្លារជាក់ជាមិនខាន។ លោក បេនយ៉ាមីន ហ្វ្រែងឃ្លីន គឺជាឥស្សរជនមួយរូប ក្នុងចំណោមឥស្សរជនតែពីររូបគត់ ដែលមិនមែនជាប្រធានាធិបតីអាមេរិក តែមានរូបថតលើក្រដាសប្រាក់ដុល្លារ ។ថ្វីដ្បិតតែលោកមិនធ្លាប់បានកាន់តំណែងជាប្រធានាធិបតីអាមេរិកក៏ពិតមែនក្ដី ក៏ប៉ុន្តែ លោកបេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវបានគេចាត់ទុកថាជាអ្នកនយោបាយដ៏មានឥទ្ធិពលមួយរូបនៅក្នុងប្រវត្តិសាស្រ្តអាមេរិក ពីព្រោះលោកបានស្ថិតក្នុងចំណោមឥស្សរជនទាំង ៧រូប ដែលជាបិតាស្ថាបនិកសហរដ្ឋអាមេរិក ព្រមទាំងជាអ្នកដែលបានចូលរួមក្នុងការតាក់តែងសេចក្តីប្រកាសឯករាជ្យរបស់អាមេរិក មិនតែប៉ុណ្ណោះលោកក៏ជាអ្នកដែលរកឃើញទ្រឹស្តីទាក់ទងនឹងអគ្គិសនីផងដែរ ។ ទាំងនេះជាមេរៀនជីវិតទាំង ៧ ដែលអ្នកគួរតែរៀនសូត្រតាមលោក Benjamin Franklin៖
១》កុំខ្ជះខ្ជាយពេលវេលា
កុំទុកពេលវេលារបស់អ្នកអោយខ្ជះខ្ជាយ និងកន្លងហួសទៅដោយអត់ប្រយោជន៍ ព្រោះថាពេលវេលារបស់អ្នក គឺវាប្រៀបបានទៅនឹងជីវិតរបស់អ្នក។ ប្រសិនបើអ្នកខ្ជះខ្ជាយពេលវេលារបស់អ្នក អ្នកក៏ដូចជាកំពុងតែខ្ជះខ្ជាយជីវិតរបស់អ្នកដែរ។ ខ្ញុំមិនដែលបានជួបមនុស្សជោគជ័យណាម្នាក់ដែលមិនឱ្យតម្លៃទៅលើពេលវេលារបស់ពួកគេនោះទេ ហើយខ្ញុំក៏មិនដែលជួបមនុស្សជោគជ័យណាដែលគ្មានការខិតខំប្រឹងប្រែងដែរ។
២》ក្រេបយកចំណេះ
ត្រៀមខ្លួនគ្រប់ពេលជានិច្ចក្នុងការទទួលយកចំណេះដឹង ជាការពិតមិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ រឺកាលៈទេសៈណា ក៏អ្នកអាចសិក្សារៀនសូត្របានដែរ។ មិនចាំបាច់តែនៅក្នុងសាលា ឬរៀនពីលោកគ្រូ អ្នកគ្រូ ឡើយ សូម្បីតែមនុស្សដែលមានចំណេះដឹងទាបជាងអ្នក ក៏អ្នកអាចរៀនសូត្រពីពួកគេបានដែរ ព្រោះថាពេលខ្លះពួកគេមានបទពិសោធក្នុងជីវិតណាមួយដែលអ្នកមិនធ្លាប់បានជួប ហើយវាអាចជាចំណេះដឹងដ៏ល្អមួយសម្រាប់អ្នក។
៣》 កុំខ្លាចធ្វើខុស
គ្មានបុគ្គលជោគជ័យណាម្នាក់ដែលមិនដែលធ្វើខុសនោះទេ គ្រាន់តែពួកគេមិនព្រមចុះចាញ់ និងព្យាយាមតស៊ូរហូតដល់សម្រចនូវគោលដៅដែលពួកគេចង់បានប៉ុណ្ណោះ។ ជោគជ័យកើតមានឡើងដោយសារតែកំហុសដែលយើងធ្លាប់បានសាង ហើយកែប្រែកំហុសនោះទៅជាឱកាសមួយ ដើម្បីធ្វើអោយវាមកល្អប្រសើរឡើងវិញ។
៤》ថាមពល និងការតស៊ូ
ដូចដែលគេតែងនិយាយថា ថាមពល និងភាពខ្ជាប់ខ្ជួនយកឈ្នះលើអ្វីៗទាំងអស់។ ដើម្បីឱ្យមានថាមពល និងការតស៊ូ អ្នកត្រូវតែមានគោលដៅច្បាស់លាស់ ត្រូវតែមានចក្ខុវិស័យដែលជាកត្តាជំរុញអ្នកឱ្យសម្រេចគោលដៅ។ ព្រោះថាបើអ្នកគ្មានគោលដៅច្បាស់លាស់ មិនដឹងថាខ្លួនឯងចង់បានអ្វីអោយពិតប្រាកដនោះ អ្នកនឹងគ្មានភាពតស៊ូហើយធ្វើរហូតដល់សម្រេចជោគជ័យនោះទេ។
៥》ត្រៀមខ្លួនជានិច្ច
ត្រូវត្រៀមខ្លួនបរាជ័យ កុំរំពឹងខ្ពស់ពេកតែក៏មិនត្រូវអស់សង្ឃឹម ។ ព្រោះថាបើអ្នកពិតជាបរាជ័យយ៉ាងហោចណាស់អ្នកក៏បានត្រៀមចិត្តទុកជាមុនចំពោះលទ្ធផល ប៉ុន្ដែបើអ្នកជោគជ័យអ្នកក៏បានត្រៀមទុករួចជាស្រេចដូចគ្នាក្នុងការទទួលយកលទ្ធផលរបស់អ្នក។
៦》ត្រូវមានភាពឧស្សាហ៍ព្យាយាម
ភាពឧស្សាហ៍ព្យាយាមនឹងនាំមកនូវសំណាងល្អដល់អ្នក ដូចជាពាក្យចាស់តែងពោលថា សំណាងបានមកពីសាង ។ បើសិនជាចង់មានសំណាងត្រូវធ្វើខ្លួនជាមនុស្សឧស្សាហ៍ព្យាយាម ព្រោះថានៅថ្ងៃណាមួយអ្នកនឹងភ្ងាក់ផ្អើលដោយសារសំណាងដែលបានមកពីការខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាមរបស់អ្នកជាក់ជាមិនខាន។
៧》ធ្វើអោយខ្លួនឯងមានកេរ្ដិ៍ឈ្មោះល្អ
មនុស្សជាច្រើនបានបោះបង់ក្ដីស្រមៃរបស់ខ្លួន ហើយរស់នៅដោយគ្មានគោលដៅ ។ ហើយកាលដែលរស់នៅដោយគ្មានគោលដៅ វាមិនខុសពីមនុស្សស្លាប់នោះទេ។ សាកសួរខ្លួនឯងទៅមើលថា តើចង់ធ្វើជាមនុស្សដែលមានកេរ្ដិ៍ឈ្មោះល្អអោយគេចងចាំ រឺក៏ចង់ធ្វើជាមនុស្សដែលគ្រាន់តែស្លាប់ភ្លាមគ្មានអ្នកចាំសូម្បីតែឈ្មោះ ? បុគ្គលខ្លះបើទោះបីជាស្លាប់ទៅអស់រយៈពេលយូរទៅហើយក្ដីក៏នៅតែមានមនុស្សចងចាំនូវស្នាដៃដែលពួកគេបានបន្សល់ទុក៕
ប្រភព៖ KUMNIT APP: http://onelink.to/nbxu8x
បញ្ចូលរូបភាព កែសម្រួលអក្ខរាវិរុទ្ឋ និងនាំមកជូនដោយ៖ Power help



Comments
Post a Comment