ដើរម្នាក់ឯង ឬដើរតាមគ្នា?

 


មនុស្សភាគច្រើន ចូលចិត្តដើរតាមគ្នាឬដើរគេតាមឯង ដោយគិតថា ជាការល្អ ពីព្រោះមានគ្នា ទោះបីពេលខ្លះមិនដឹងច្បាស់ថា គេនាំគ្នាទៅណាផង។ ប៉ុន្តែអ្វីដែលសំខាន់ជាងដើរតាមគ្នា គឺដើរដោយមានគោលដៅត្រឹមត្រូវមួយ។ ពាក្យមួយឃ្លាបានពោលថា “ប្រសិនបើគោលដៅអ្នកកំណត់ខុសគ្នាពីអ្នកដទៃ ចូរនៅម្នាក់ឯង” ។

សុភាសិតអាហ្រ្វិកនិយាយថា “ចង់ទៅលឿន ដើរម្នាក់ឯង ចង់ទៅឆ្ងាយ ដើរជាមួយគ្នា” ។ ទោះបែបនេះក្តី រឿងសំខាន់បំផុត គឺគោលដៅពិតប្រាកដដែលមនុស្សត្រូវទៅ។ តើដើរគ្នាច្រើនបានប្រយោជន៍អ្វី បើយើងមិនច្បាស់ថា ត្រូវទៅណាផងហ្នឹង។ ពេលខ្លះដើរទៅតាមគេ ពេលទៅដល់គោលដៅ ទើបដឹងថាមិនមែនជាគោលដៅរបស់ខ្លួនផង។ ពេលខ្លះ ដើរជាមួយគ្នាបានពាក់កណ្តាលផ្លូវហើយ ទើបដឹងថា គោលដៅដែលកំពុងឆ្ពោះទៅរកនោះគឺខុសគ្នា។ ពេលខ្លះដើរគ្នាច្រើនតាមគេតាមឯង ប៉ុន្តែបែរជាទៅគោលដៅមួយដែលខ្វះឆន្ទៈឬគ្រោះថ្នាក់ទៅវិញ តើមានប្រយោជន៍អ្វីទៅ?

ដូចនេះ ការដើរម្នាក់ឯងមិនមែនជាបញ្ហានោះទេ រឿងដែលសំខាន់បំផុតគឺ ដើរដោយមានគោលដៅ។ បើយើងមានគោលដៅច្បាស់លាស់ហើយ នោះយើងពិតជាដឹងច្បាស់ថាខ្លួនត្រូវទៅណា។ ពេលដែលខ្លួនដឹងថា ត្រូវទៅណាហើយ យើងប្រាកដជាមានកម្លាំងចិត្ត ដ្បិតគោលដៅតែងជួយជំរុញលើកទឹកចិត្តអ្នកជានិច្ច ទោះជាគ្មានមនុស្សណាទៀតលើកទឹកចិត្តអ្នកក៏ដោយ។ និយាយចុះនិយាយឡើង នៅតែគោលដៅដដែលហ្នឹង ពីព្រោះគោលដៅ ជួយឱ្យយើងមានក្តីសង្ឃឹម ចំណេញពេលវេលា ផ្តោតអារម្មណ៍ល្អ និងកម្លាំងចិត្តខ្លាំងថែមទៀតផង។

ពេលខ្លះ មនុស្សត្រូវទៅម្នាក់ឯង ដើម្បីឆាប់ដល់គោលដៅ។ ពេលខ្លះមនុស្សត្រូវដើរម្នាក់ឯង បើគោលដៅរបស់យើងខុសពីអ្នកដទៃ។ ពេលខ្លះមនុស្សត្រូវទៅម្នាក់ឯង ដើម្បីដឹងថា ខ្លួនឯងរឹងមាំនិងខ្លាំងក្លាប៉ុនណា។ ពេលខ្លះ មនុស្សត្រូវទៅម្នាក់ឯង ដើម្បីសាកល្បងនិងកុំនាំបញ្ហាដល់អ្នកដទៃ។ ពេលខ្លះ មនុស្សត្រូវទៅម្នាក់ឯង បើខ្លួនមានភាពជឿជាក់ជាមួយគោលដៅដ៏ច្បាស់លាស់របស់ខ្លួនឯង។ សុភាសិតមួយឃ្លានិយាយថា “គ្មានអ្វីដែលលំបាកជាងការដើរម្នាក់ឯងនោះទេ ប៉ុន្តែវាក៏ជាដំណើរដ៏រឹងមាំផងដែរ” ។

———
អត្ថបទពីសៀវភៅ៖ #តំណក់ទស្សនៈ
© គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ហាតប៊ុក​

ផ្សាយបន្តដោយ៖ Power help



Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត