ចំណុចផ្លាស់ប្ដូរទាំង៧លើកក្នុងជីវិតរបស់ ហ៊ីល

 



    📑ចំណុចផ្លាស់ប្ដូរនៅក្នុងជីវិតលើកទី១

ក្រោយពីរៀនចប់ពីវិទ្យាយល័យធុរកិច្ចហើយ ខ្ញុំក៏បានធ្វើការជាជវលេខ(អ្នកសរសេររហ័ស ឬលឿនដោយប្រើសញ្ញាគឺគំនូសសម្រាប់សរសេរ) និងអ្នកធ្វើបញ្ជី ហើយលទ្ឋផលពីការដែលខ្ញុំបានហ្វឹកហាត់ទម្លាប់ក្នុងការព្យាយាមធ្វើការងារឲ្យសមនឹងតម្លៃប្រាក់ឈ្នួលនោះ បានធ្វើឲ្យខ្ញុំអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័សរហូតដល់ចៅហ្វាយនាយទុនចិត្ត និងបានប្រាក់ខែខ្ពស់ហួសពីវ័យរបស់ខ្ញុំ។

<មិនតែប៉ុណ្ណោះ ហ៊ីល ថែមទាំងបានពិសោធន៍ភាពស្មោះត្រង់ដោយបានទទួលការគាំទ្រឲ្យធ្វើជាអ្នកគ្រប់គ្រងជំនួសអ្នកគ្រប់គ្រងចាស់ រហូតធ្វើឲ្យគាត់ក្លាយជាអ្នកគ្រប់គ្រងអណ្ដូងរ៉ែក្មេងជាងគេ គឺមានអាយុត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ និងត្រូវទទួលខុសត្រូវលើកម្មករជាង៣៥០នាក់>

គា្រនោះ វាសនារបស់ខ្ញុំលេងសើចជាមួយខ្ញុំណាស់ ដោយចៅហ្វាយរបស់ខ្ញុំបាត់បង់អនាគត ហើយខ្ញុំក៏បាត់ការងារ។ នេះគឺជាការបរាជ័យលើកដំបូងរបស់ខ្ញុំ រហូតដល់ជាច្រើនឆ្នាំកន្លងទៅ។

📑ចំណុចផ្លាស់ប្ដូរនៅក្នុងជីវិតលើកទី២

តំណែងថ្មីរបស់ខ្ញុំគឺ អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនឧស្សាហកម្មឈើកែច្នៃដ៏ធំនៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ វាធ្វើឲ្យខ្ញុំរីកចម្រើនយ៉ាងឆា​ប់រហ័ស និងធ្វើការបានល្អរហូតដល់ចៅហ្វាយនាយឲ្យខ្ញុំចូលរួមភាគហ៊ុនធុរកិច្ចជាមួយ។

តាំងពីពេលនោះមក ខ្ញុំចាប់ផ្ដើមមើលឃើញអនាគត់ដ៏ល្អរបស់ខ្ញុំខ្លួនឯងដែលកំពុងរងចាំនិងនៅមិនឆ្ងាយ។

លុះនៅឆ្នាំ១៩០៧ ភាពភ័យខ្លាចក៏បានសាយភាយទូទាំងប្រទេស។ គ្រាន់តែមួយយប់ប៉ុណ្ណោះ ខ្ញុំត្រូវទ្រាំមើលធុរកិច្ចរបស់យើងត្រូវរលាយ និងបាត់បង់ដើមទុននៅចំពោះមុខស្រស់ៗតែម្ដង។

<ភាពភ័យខ្លាចដែល ហ៊ីល បាននិយាយនោះចាប់ផ្ដើមនៅរដូវក្ដៅឆ្នាំ ១៩០៧ ពេលដែលធនាគារមួយចំនួន និងទីផ្សារភាគហ៊ុនប្រកាសក្ស័យធន>

📑ចំណុចផ្លាសប្ដូរនៅក្នុងជីវិតលើកទី៣

នេះមិនមែនជាការបរាជ័យដ៏ខ្លាំងលើកដំបូងរបស់ខ្ញុំទេ ហើយវាក៏មិនមែនជាការបរាជ័យដ៏ពិតប្រាកដសម្រាប់ខ្ញុំដែរ។ មុននឹងបញ្ចប់មេរៀននេះ ខ្ញុំចង់ប្រាប់អ្នកថា ហេតុអ្វីទើបវាមិនមែនជាការបរាជ័យពិតប្រាកដរបស់ខ្ញុំទៅវិញ? ព្រោះបញ្ហាសេដ្ឋកិច្ចឆ្នាំ១៩០៧ និងបរាជ័យនោះបានធ្វើឲ្យខ្ញុំប្ដូរទិសដៅពីធុរកិច្ចឈើកៃច្នៃទៅរៀនច្បាប់វិញ។ការដែលខ្ញុំរៀនច្បាប់ព្រោះធ្វើឲ្យខ្ញុំជឿជាក់ថា វានឹងអាចទៅដល់ក្ដីស្រមៃនៃភាពមានបាន។

ខ្ញុំតាំងចិត្តរៀនច្បាប់នៅពេលយប់ និងធ្វើការជាអ្នកលក់រថយន្តនៅពេលថ្ងៃ ប៉ុន្តែដោយសារតែលក្ខណៈការងារ ទើបខ្ញុំគិតថា ខ្ញុំចាំបាច់ត្រូវសិក្សាទាក់ទងនឹងគ្រឿងម៉ាស៊ីន រហូតបានធ្វើឲ្យខ្ញុំបានបើកផ្នែកអប់រំឡើងនៅក្នុងរោងចក្រឧស្សាហកម្ម និងចាប់ផ្ដើមអប់រំជាងម៉ាស៊ីនទាក់ទងនឹងការដំឡើង និងការជុសជុលរថយន្ត។ អាជីវកម្មបង្រៀននេះរីកចម្រើនខ្លាំងណាស់ និងអាចរកកម្រៃឲ្យខ្ញុំបានដល់ទៅមួយពាន់ដុល្លារក្នុងមួយខែទៀតផង។

 ធនាគារិកដឹងថា អាជីវកម្មរបស់ខ្ញុំរីកចម្រើន គេក៏បានស្នើប្រាក់កម្ចីឲ្យខ្ញុំដើម្បីពង្រីកអាជីវកម្ម។ រឿងចម្លែកដែលធនាគារចូលចិត្តធ្វើគឺ ធនាគារឲ្យអ្នកខ្ចីប្រាក់ដោយមិនរារែកឡើយខណៈដែលអ្នករីកចម្រើនរ៉ុងរឿង។ ធនាគារបានឲ្យខ្ញុំខ្ចីប្រាក់រហូតដល់គេចាប់ផ្ដើមអស់សង្ឃឹមលើបំណុលរបស់ខ្ញុំ ហើយក៏រឹបអូសយកអាជីវកម្មរបស់ខ្ញុំទៅ។ ពីការរកចំណូលជាងមួយពាន់ដុល្លារក្នុងមួយខែ ខ្ញុំក៏បានក្លាយជាអ្នកក្រមួយរំពេចក្នុងពេលនោះ។

📑ចំណុចផ្លាស់ប្ដូរនៅក្នុងេជីវិតលើកទី៤(ឆ្នាំ១៩១២)

គ្រួសារខាងភរិយារបស់ខ្ញុំបានជួយខ្ញុំឲ្យបានធ្វើការងារជាទីប្រឹក្សារបស់ក្រុមហ៊ុនធ្យូងថ្មដ៏ធំបំផុតមួយរបស់ពិភពលោក។ ខ្ញុំបានធ្វើការជាមួយនឹងមិត្តភក្តិ និងសាច់ញាតិ និងធ្វើក្នុងតំណែងដែលអាចធ្វើបានយូរតាមដែលខ្ញុំត្រូវការ បើដូច្នេះតើខ្ញុំនៅត្រូវការអ្វីទៀត? <គ្មានទេ>។ ខ្ញុំនិយាយជាមួយខ្លួនឯង។

ចាប់ពីពេលនោះមក ខ្ញុំក៏បានលាឈប់ដោយមិនបានសុំការពិភាក្សាពីមិត្តភក្តិ និងមិនបានប្រាប់ពួកគេជាមុនឡើយ។ នេះគឺជាផ្លូវដើរដែលខ្ញុំជ្រើសរើសដោយខ្លួនឯង និងគ្មានអ្នកណាមកបង្ខំខ្ញុំទេ។ ខ្ញុំលាឈប់ពីតំណែងនោះ ព្រោះវាជាការងារដែលស្រួលពេក និងស្ទើរតែមិនចាំបាច់ព្យាយាមអ្វីឡើយក្នុងការធ្វើការងារ។ ការប្ដូរការងារលើកនេះគឺ ជាចំណុចផ្លាស់ប្ដូរដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់ខ្ញុំ បើទោះជាវាចំណាយពេលយូររហូតដល់ទៅ១០ឆ្នាំក្នុងការព្យាបាលរបួសនៅក្នុងចិត្តក៏ដោយ។ បន្ទាប់មកខ្ញុំជ្រើសរើសយក ឈីកាហ្គោជាកន្លែងធ្វើការងារថ្មី ហើយខ្ញុំបានសម្រេចចិត្តថា ត្រូវតែសាងកេរ្តិ៍ឈ្មោះឲ្យខ្លួនឯងនៅឈីកាហ្គោឲ្យបាន ដែលវានឹងពិសោធថា ខ្ញុំអាចធ្វើរឿងមួយចំនួនឲ្យក្លាយជាការពិតបាន។

📑ចំណុចផ្លាស់ប្ដូរនៅក្នុងជីវិតលើកទី៥

ការងារថ្មីរបស់ខ្ញុំនៅឈីកាហ្គោ គឺធ្វើជាអ្នកគ្រប់គ្រងក្នុងផ្នែកទំនាក់ទំនងសាធារណៈនៃសាលាបង្រៀនតាមប្រៃសណីយ៍។ ខ្ញុំធ្វើការបានល្អរហូតដល់នាយកសាលាបបួលខ្ញុំលាឈប់ពីតំណែងចាស់ហើយទៅសហការគ្នាធ្វើធុរកិច្ចស្ករគ្រាប់ Betsy Ross ឡើងហើយខ្ញុំបានធ្វើជាប្រធានក្រុមហ៊ុនដំបូងគេក្នុងចំណោមការងារដែលខ្ញុំធ្លាប់ធ្វើ។ធុរកិច្ចដំណើរការទៅដោយរលូន ហើយមិនយូរប៉ុន្មាន យើងមានសាខានៅតាមក្រុងដល់ទៅ១៨ក្រុង។ ធុរកិច្ចរបស់យើងកំពុងដំណើរការបានល្អ ប៉ុន្តែជាអកុសលអ្នករួមភាគហ៊ុនរបស់ខ្ញុំបានសម្រេចចិត្តថានឹងរឹបអូសធុរកិច្ចទាំងអស់  ដោយគម្រាមថានឹងធ្វើឲ្យខ្ញុំជាប់គុកពីបទកេងប្រវញ្ចក្រុមហ៊ុន តែគេលើកឡើងនូវសំណើថានឹងដោះលែងខ្ញុំ ប្រសិនបើខ្ញុំព្រមសងផលកម្រៃទាំងអស់របស់ខ្ញុំឲ្យទៅក្រុមហ៊ុនវិញ។ ខ្ញុំបានបដិសេដសំណើរនោះ។ ខ្ញុំមិនចង់ត្រឡប់ទៅជួបបទពិសោធដ៏អាក្រក់នោះទៀតទេ ហើយខ្ញុំក៏ត្រូវតែព្រមទទួលយកការខកចិត្តនោះដែរ ព្រោះវាបានបង្រៀនខ្ញុំថា ការសងសឹកគ្មានប្រយោជន៍អ្វីឡើយ។

📑ចំណុចផ្លាស់ប្ដូរនៅក្នុងជីវិតលើកទី៦

ចំណុចផ្លាស់ប្ដូរលើកនេះកើតឡើងក្រោយពីក្ដីស្រមៃនៃជោគជ័យលើធុរកិច្ចស្ករគ្រាប់បានរលាយទៅ។ ពេលដែលខ្ញុំប្ដូរទៅបង្រៀនការផ្សាយពាណិជ្ជកម្ម និងការលក់ក្នុងវិទ្យាល័យមួយ ហើយសាលាដែលខ្ញុំបង្រៀននោះបានរីកចម្រើនចាប់ពីចំណុចសូន្យមក ដោយខ្ញុំមានសិស្សដែលត្រូវបង្រៀន និងមានសាលារៀនចាំជួយគាំទ្រខ្ញុំ ហើយសិស្សដែលខ្ញុំបង្រៀនស្ទើរតែទាំងអស់មកពីប្រទេសដែលប្រើភាសាអង់គ្លេស។

នៅពេលសង្គ្រាមកើតឡើងបានធ្វើឲ្យការបង្រៀននៅសាលារៀនរបស់ខ្ញុំត្រូវបិទទ្វារ ព្រោះសង្គ្រាមបានកេណ្ឌយកកូនសិស្សដែលបានចុះឈ្មោះចូលរៀនរបស់ខ្ញុំស្ទើរតែទាំងអស់ ហើយខ្ញុំត្រូវបាត់បង់ថ្លៃបង្រៀនដល់ទៅ ៧៥.០០០ដុល្លារក្នុងពេលតែមួយ ជាហេតុធ្វើឲ្យខ្ញុំដាច់យ៉ៃម្ដងទៀត។ ពេលនោះគឺជាពេលដែលស្មុគស្មាញជាខ្លាំងរវាងការចង់ជួយពីបណ្ដារសាច់ញាតិរបស់ខ្ញុំនិងការពិបាកចិត្តដែលខ្ញុំត្រូវអត់ធ្មត់។ 

វាមិនងាយទេការដែលត្រូវធ្វើឲ្យខ្លួនឯងមានសុខភាពផ្លូវចិត្តល្អ និងអាចរក្សាវាបានខណៈដែលស្ថិតនៅក្នុងសភាពបែបនេះ។ ខ្ញុំជឿថា អ្វីដែលគ្រួសាររបស់ខ្ញុំនិយាយនោះវាពិតជាត្រឹមត្រូវហើយ ហើយខ្ញុំក៏ជឿជាក់ជាខ្លាំងដែរថាថ្ងៃណាមួយ ខ្ញុំមិនត្រឹមតែទទួលបានជោគជ័យចំពោះការងារដែលធ្វើប៉ុណ្ណោះទេ ថែមទាំងនឹងមានមោទនភាពចំពោះខ្លួនឯងទៀតផង។

📑ចំណុចផ្លាស់ប្ដូរនៅក្នុងជីវិតលើកទី៧

ដើម្បីអធិប្បាយពីចំណុចផ្លាស់ប្ដូរលើកទី៧ ខ្ញុំសូមត្រឡប់ទៅថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ១៩១៨ ព្រោះវាជាថ្ងៃបញ្ចប់សង្គ្រាមលោក ដោយសង្គ្រាមលោកមិនបានបន្សល់អ្វីឲ្យខ្ញុំឡើយ ប៉ុន្តែខ្ញុំក៏មានក្ដីសុខដែរដែលបានដឹងថា ការកាប់សម្លាប់គ្នាបានបញ្ចប់ហើយអរិយភាព(ភាពល្អប្រសើរ)  កំពុងតែត្រឡប់

មកមនុស្សលោកវិញហើយ។ ពេលវេលានេះបានព្រមជាមួយនឹងចំណុចផ្លាស់ប្ដូរម្ដងទៀតនៅក្នុងជីវិតរបស់ខ្ញុំ។

ខ្ញុំអង្គុយពីមុខម៉ាស៊ីនអង្គុលីលេខ ហើយដោយសារមានការងឿងឆ្ងល់ ខ្ញុំក៏យកដៃទៅចុចម៉ាស៊ីននោះ។ ខ្ញុំមិនធ្លាប់វាយបានរហ័សដូច្នេះពីមុនមកឡើយ ហើយខ្ញុំក៏មិនបានរៀបគម្រោង ឬគិតថានឹងសរសេរពីអ្វីនោះដែរ ដោយគ្រាន់តែសរសេររឿងនៅក្នុងចិត្តប៉ុណ្ណោះ។

<រឿងដែលហ៊ីលសរសេរ គឺជាអត្ថបទដែលអធិប្បាយទាក់ទងនឹងគំនិតថ្មីក្នុងការកសាងជោគជ័យដែលគាត់នឹកឃើញពីសង្គ្រាម។គាត់បានប្រកាសថាគាត់នឹងផ្សព្វផ្សាយឲ្យពិភពលោកបានដឹង និងសន្យាថា ទោះជាយ៉ាងគាត់នឹងរកប្រាក់មកវិនិយោគទុនលើទស្សនាវដ្ដីថ្មីដែលមានឈ្មោះថា Hill’s Golden Rule​ ឲ្យបាន>។ 

នៅឆ្នាំ១៩៣៧ សហរដ្ឋអាមេរិកចាប់ផ្ដើមមានសង្ឃឹមថា ស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះកំពុតែបញ្ចប់ទៅបន្ទិចម្ដងៗ។ ថ្វីត្បិតតែក្ដីសង្ឃឹមនោះនៅឆ្ងាយក៏ពិតមែនតែ ហ៊ីល បានស្នើទៅកាន់រោងពុម្ភថា ខណៈនេះរោងពុម្ភកំពុងត្រូវការសៀវភៅដែលជំរុញចិត្ត និងអារម្មណ៍ឲ្យភ្ញាក់ពីសុបិនអាក្រក់ គឺថា គាត់ត្រូវការបោះពុម្ភសៀវភៅ<<គិតហើយមាន>> ព្រោះវាជាវិធីសាងជោគជ័យយ៉ាងមហស្ចារ្យដោយសៀវភៅនេះអាចលក់បាន១លានក្បាលមុននឹងសេដ្ឋកិច្ចល្អវិញ។ ស្នាដៃរបស់គាត់លើកនេះលក់បានជាង៦០លានក្បាលទូទាំងពិភពលោក ហើយក៏សូម្បីតែសព្វថ្ងៃនេះ វាក៏នៅតែអាចលក់បានជាង១លានក្បាលក្នុងមួយឆ្នាំដែរ៕

 

វាយអត្ថបទដោយ៖ លោក ក្លត ដៀន (Klart Dean)

ដកស្រង់ពីសៀវភៅ៖ គិតហើយមាន ស្នាដៃរបស់   ណាប៉ូឡេអុង ហ៊ីល ប្រែសម្រួលដោយគ្រឹះស្ថានបោះពុម្ភដាំដើមជីវិត

នាំមកជូនដោយ៖ Power help


Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត