របៀបតថ្លៃទំនិញដោយប្រសិទ្ឋិភាព


នៅក្នុងប្រទេសដែលអនុវត្តទីផ្សារសេរី ការតថ្លៃទំនិញគឺជារឿងធម្មតាមួយកើតឡើងជារៀងរាល់ថ្ងៃ វាកើតឡើងដោយសារភាពរំពឹងទុកខុសគ្នារវាងអ្នកលក់ និង អ្នកទិញ ។ អ្នកលក់ចង់បានតម្លៃមួយដែលខ្ពស់ដើម្បីផលចំនេញរបស់ខ្លួន រីឯអ្នកទិញចង់បានតម្លៃថោកដើម្បីបានចំណាយលុយតិច យ៉ាងណាមិញនៅពេលដែលអ្នកលក់ និង អ្នកទិញតថ្លៃគ្នាដល់ចំនុចយកបានទាំងសងខាងពួកគេក៏សុខចិត្តបោះចោលចំនុចរំពឹងទុកផងដែរ ។ 

អត្ថបទខាងក្រោមនេះនឹងផ្តល់គំនិតខ្លះៗក្នុងការតថ្លៃទំនិញអោយអ្នកបានជោគជ័យលើទីផ្សារ៖

• ចេះប្រើប្រាស់ពាក្យសមរម្យ៖ ការចេះញញឹម និង ប្រើប្រាស់ពាក្យសមរម្យទៅអ្នកលក់ជាមុន នឹង ផ្តល់ការបង្ហាញតាមភាពខាងក្រៅ(ទឹកមុខ)ទៅគេមុន ធ្វើអោយដៃអ្នកលក់មានអារម្មណ៍ជិតស្និដងាយស្រួលសម្រាប់ការចរចារ ។ (ជាជំហានសំខាន់ជាងគេបង្អស់ គ្រាន់តែញញឹមមិនខាតអ្វីទេ)

• ត្រូវចេះមើលអ្នកទិញដទៃទៀតជុំវិញ៖ បើអ្នកទៅដល់កន្លែងលក់មួយដែលមានអ្នកទិញមុន ទិញក្នុងបរិមាណតិចហើយទទួលបានការបញ្ចុះតម្លៃ ហើយអ្នកទិញក្នុងបរិមាណច្រើនជាង ព្យាយាមយកលេសថាអ្នកទិញក្នុងចំនួនបរិមាណច្រើនជាងអ្នកមុនគួរតែមានការលើកទឹកចិត្តដល់អ្នកទទួលបានការបញ្ចុះតម្លៃច្រើនជាងអ្នកមុន ។ មួយវិញទៀតប្រសិនបើអ្នកជាអ្នកទិញមុនគេ សង្កេតមើលតើមានអ្នកទិញដទៃទៀតនៅជិតដែរឬទេមុននឹងតថ្លៃ ព្រោះបើមានអ្នកទិញដទៃទៀតនៅជិតអ្នកលក់ពិបាកបញ្ចុះតម្លៃណាស់បើបញ្ចុះតម្លៃអោយអ្នកមួយត្រូវបញ្ចុះតម្លៃអោយអ្នកទិញដទៃទៀតដែរ ។ (តថ្លៃស្ងាត់ៗ)

• ផ្តល់ការសន្យាផលប្រយោជន៍រយៈពេលវែងទៅអ្នកលក់៖ បើអ្នកកំពុងចរចារទិញអ្វីមួយដែលទំនិញមានលក្ខណៈប្រកួតប្រជែង(មានអ្នកលក់ច្រើន) ព្យាយាមធ្វើការសន្យាផ្តល់ផលប្រយោជន៍រយៈពេលវែងទៅអ្នកលក់ ដូចជា សរសើរថាទំនិញនេះគុណភាពល្អ នឹង ណែនាំមិត្តភក្តិអ្នកទិញដែរ រឺ បើជាគ្រឿងម៉ាស៊ីនដូចជាឡាន ម៉ូតូ ធ្វើជាសួរថាមានសេវាជួសជុលដែរឬទេ ស្រួលយកមកជួសជុលពេលខូច នេះជាចំនុចចិត្តសាស្រ្តមួយព្រោះអ្នកលក់ចង់រកស៊ីរយៈពេលវែង ការផ្តល់សន្យាផលប្រយោជន៍រយៈពេលវែងនឹងធ្វើអោយពួកគេទន់ចិត្តក្នុងការបញ្ចុះតម្លៃទំនិញអោយអ្នក ។

• បង្ហាញការយល់ដឹងរបស់អ្នកពីទំនិញ៖ ការបង្ហាញពីការយល់ដឹងរបស់អ្នកពីទំនិញ និង ទីផ្សារទំនិញនោះ ធ្វើអោយអ្នកលក់មិនហ៊ានកាប់សាច់ និង អាចបញ្ចុះតម្លៃអោយអ្នកបន្ថែមទៀតបានផងដែរ ព្យាយាមចាំតួរលេខសំខាន់ៗដូចជាឆ្នាំផលិត ភាពសំបូរបែបរបស់ទំនិញលើទីផ្សារ គំរោងផលិតបន្ថែមរបស់ទំនិញនាពេលខាងមុខ... វាជាចិត្តសាស្រ្តធ្វើអោយលក់មានការបារម្ភព្រោះប្រសិនផលិតបន្ថែមនឹងធ្វើអោយទំនិញកាន់ក្នុងដៃកាន់តែធ្លាក់ថ្លៃដូច្នេះគួរប្រញ៉ាប់លក់ បើចេញសេរ៊ីថ្មីឆ្នាំក្រោយទំនិញសេរ៊ីចាស់ក៏ធ្លាក់ថ្លៃផងដែរ ។

• ធ្វើការស្រាវជ្រាវពីតម្លៃទីផ្សារ៖ ពាក្យថាតម្លៃទីផ្សារនេះវាជាតម្លៃមធ្យមមួយកើតឡើងដោយសារកត្តាតម្រូវការ និង ការផ្គត់ផ្គង់លើទីផ្សារ ដូច្នេះការសាកសួរពីរទៅបីកន្លែងមុននឹងទិញគឺសំខាន់ ធ្វើអោយអ្នកយល់ពីតម្លៃទីផ្សារមុននឹងធ្វើការចរចារ នោះអ្នកអាចទិញក្នុងតម្លៃធូរថ្លៃមួយមិនថ្លៃពេកមិនថោកពេក ។

• លាក់ពី Budget និង កំនត់អត្រាបញ្ចុះតម្លៃមួយដោយខ្លួនឯង៖ កុំព្យាយាមប្រាប់រឺបង្ហាញពីទំហំសាច់ប្រាក់ដែលមានក្នុងដៃ ធ្វើអោយអ្នកលក់ដឹងមុនថាគេអាចកាប់សាច់អ្នកបានដល់កម្រិតណា ព្យាយាមលាក់អោយបានល្អតាមដែលអាចធ្វើបាន(អ្នកលក់នឹងព្យាយាមតេស្តអ្នកដូចជាសួរ «ឥឡូវហ៊ានអោយដល់ប៉ុណ្ណា...») ចៀសវាងប្រាប់គេថាអ្នកមានតែ 100$ មិនអាចទិញទំនិញតម្លៃ 120$ បានទេ តែសាកល្បងសួរថា 120$ អាចចុះបាន 20% បានដែរឬទេ ?

• ទិញទំនិញនៅចុងឆ្នាំ៖ ជាធម្មតានាចុងឆ្នាំគ្រប់ហាងទាំងអស់ព្យាយាមផ្តល់ការបញ្ចុះតម្លៃ ដើម្បីអាចលក់ទំនិញចាស់ក្នុងឃ្លាំង និង យកទំនិញដែលនឹងត្រូវចូលស្តុកថ្មីនាឆ្នាំក្រោយ ដូច្នេះស្ទើរតែគ្រប់កន្លែងមានការប្រកួតប្រជែងគ្នាជាខ្លាំងក្នុងការបញ្ចុះតម្លៃទំនិញរាងៗខ្លួន តើអ្នកដឹងរឺទេទំនិញដែរបញ្ចុះតម្លៃស្រាប់អាចទាមទារអោយបញ្ចុះតម្លៃបន្ថែមទៀតបាន ?

ផ្សាយបន្តដោយ៖ Power help



Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត