វិធីនិយាយ៣ប្រការ ដើម្បីគេស្រលាញ់រាប់អាន
១, ពេលជួបនរណាម្នាក់ បើបុគ្គលនោះនិយាយអាក្រក់ពីអ្នកដទៃ អ្នកក៏ត្រូវប្រយ័ត្នខ្លួនផងដែរថា ថ្ងៃណាមួយបុគ្គលនោះនឹងនិយាយអាក្រក់ពីអ្នកប្រាប់អ្នកដទៃដូចគ្នា។ ផ្ទុយទៅវិញ ការលើកសរសើរអ្នកដទៃនៅចំពោះមុខគូសន្ទនា វានឹងធ្វើឱ្យគូសន្ទនាមានទំនុកចិត្តថា អ្នកជាមនុស្សមានសន្តានចិត្តទូលំទូលាយគួរជាទីរាប់អាន។
២, មិត្តភក្តិខ្លះ គ្រាន់តែជួបមុខគ្នាភ្លាមក៏រករឿងមកបន្តុះបង្អាប់គ្នាភ្លាម សូម្បីតែ ធាត់ ស្គម មុខស្រមិះៗ ឬថាអញ្ចេះ ថាអញ្ចុះ ដើម្បីឱ្យខ្លួនឯងមានអារម្មណ៍ល្អ។ នេះជាវិធីជាន់ពន្លិចអ្នកដទៃដើម្បីលើកខ្លួនឯង។ ពេលអ្នកជួបនឹងមិត្តបែបនេះអ្នកនឹងខូចអារម្មណ៍មួយរំពេច។
៣, បុគ្គលខ្លះ គ្រាន់តែគូសន្ទនានិយាយបញ្ចេញគំនិតអ្វីមួយមក គេក៏បដិសេធភ្លាម "មិនមែនអញ្ចឹងទេ" ទោះជាខ្លួនឯងមិនទាន់ដឹងរឿងអីច្បាស់នៅឡើយ។ វិធីបែបនេះយើងហៅថាខ្វះសុជីវធម៌ ឬមិនឱ្យតម្លៃទៅលើគំនិតគូសន្ទនា។ ជាទូទៅរឿងទាំងឡាយ យ៉ាងហោចក៏មានផ្លូវពីរឬច្រើន ប៉ុន្តែនៅពេលយើងទៅវាយតម្លៃថាអ្នកដទៃខុសភ្លាមៗ រឿងដំបូងដែលយើងត្រូវដឹងគឺ យើងបានធ្វើខុសមួយជំហានរួចស្រេចទៅហើយ។ ភាគីម្ខាងទៀតនឹងចាត់ទុកអ្នកថាជាបុគ្គល "មានតែអញ"។ ទីបំផុតអ្នកក៏ក្លាយជាមនុស្សដែលគេមិនសូវចង់ជួបមុខ។ ផ្ទុយទៅវិញ យើងគួរឱ្យតម្លៃគំនិតអ្នកដទៃ ឬបើចង់មានគំនិតផ្សេងក៏គួរធ្វើត្រឹមតែផ្តល់យោបល់ក៏គ្រប់គ្រាន់ហើយ មិនបាច់ទៅប្រឆាំងចំៗពេកទេ។ នេះគឺសុជីវធម៌។
ប្រភព៖ Kim Channa
ផ្សាយបន្តដោយ៖ Power help





Comments
Post a Comment