បកស្រាយ៖ ទន់ភ្លន់តែមិនទន់ជ្រាយ រឹងប៉ឹងតែមិនរឹងរូស


ជ្រុងមួយនៃទស្សនៈ ៖ រឿងដែលយើងជួបប្រទះជាប្រចាំក្នុងជីវិត ហើយមិនបានដឹងខ្លួនគឺ "ភាពស្រពេចស្រពិល" គឺស្រពេចស្រពិលទៅលើរឿងជុំវិញខ្លួន មិនដឹងថាអ្វីសំខាន់ អ្វីមិនសំខាន់ អ្វីជារឿងជាតិ អ្វីជារឿងឯង អ្វីជារឿងអញ អ្វីជារឿងឯកជន អ្វីជារឿងសមូហភាព...។ល។ ភាពស្រពេចស្រពិលតែងជះឥទ្ធិពលទៅលើការសម្រេចចិត្តនិងការប្រព្រឹត្ត។ រឿងសំខាន់ក្នុងជីវិតរបស់យើងគឺការសម្រេចចិត្ត។ ក្នុងមួយថ្ងៃៗយើងម្នាក់ៗត្រូវសម្រេចចិត្តទៅលើរឿងផ្សេងៗជាច្រើន ហើយវាជះឥទ្ធិពលទៅដល់ជោគវាសនាជីវិតរបស់បុគ្គលម្នាក់ៗ។ ការហ្វឹកហាត់ឬទម្លាប់ពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយទៅលើរឿងផ្សេងៗគឺជាអាហារដ៏សំខាន់សម្រាប់ខួរក្បាលនិងជោគវាសនារបស់យើង។ សូមចងចាំថា យើងម្នាក់ៗមានជីវិតមួយរយៈខ្លីប៉ុណ្ណោះបើធៀបនឹងអាយុផែនដី ដូច្នេះសូមប្រើវាឱ្យមានតម្លៃបំផុតតាមដែលអាចធ្វើបាន។



បំណកស្រាយ ៖

១/ ទន់ភ្លន់ តែមិនទន់ជ្រាយ ៖ ទន់ភ្លន់ គឺការចេះបត់បែន មិនរឹងត្អឹង មានអធ្យាស្រ័យ យោគយល់ មិនច្រងេងច្រងាង។ ទន់ជ្រាយ គឺគ្មានភាពម្ចាស់ការ មិនរឹងប៉ឹង ឆាប់រំជើបរំជួល ឆាប់ចុះញ៉មចំពោះស្ថានការណ៍លំបាក ចូលចិត្តពឹងផ្អែកអ្នកដទៃ...។


២/ រឹងប៉ឹង តែមិនរឹងរូស ៖ រឹងប៉ឹងគឺមានជំហរជាក់លាក់ មានគំនិតច្បាស់លាស់ មិនឆាប់រំជើបរំជួល មិនឆាប់ចុះញ៉ម។ រឹងរូស គឺភាពមានះ មិនព្រមបត់បែន មិនព្រមស្តាប់អ្នកដទៃ មិនថាជាយោបល់អ្នកដទៃត្រូវឬខុស គេនៅតែប្រកាន់យកតាមតែគំនិតខ្លួនឯងជាធំ។


៣/ ឱនលំទោន តែមិនលុតក្រាប ៖ ឱនលំទោនគឺការចេះគោពអ្នកដទៃ ការចេះក្រែងចិត្តអ្នកដទៃ មិនអួតអាង ចេះដាក់ខ្លួន។ តែមិនលុតក្រាប បានន័យថាថ្វីដ្បិតតែយើងគោរពអ្នកដទៃ តែក៏មិនមែនបានន័យថាយើងព្រមឱ្យអ្នកដទៃមកជាន់ឈ្លី ឬសង្កត់សង្កិនឱ្យហួសពីសិទ្ធិសេរីភាពនិងភាពជាមនុស្សរបស់យើងដែរ។


៤/ ផ្តល់គំនិតពិចារណា តែមិនបំពក់បំពុល គឺផ្តល់ជាគំនិត បង្ហាញផ្លូវឱ្យយើងយកទៅពិចារណាខ្លួនឯង ប្រើសម្បជញ្ញៈខ្លួនឯង គិតរកហេតុផលខុសត្រូវដោយខ្លួនឯង។ មិនបំពក់បំពុល គឺមិនឃោសនាឱ្យជឿដោយខ្វះការពិចារណា មិនអូសទាញឱ្យជឿទៅលើទំនោរណាមួយដើម្បីប្រយោជន៍ឬដើម្បីគោលបំណងអ្វីមួយ ឬដើម្បីប្រឆាំងនឹងអ្វីមួយដែលផ្ទុយពីលក្ខខណ្ឌធម្មជាតិ។ល៕


ប្រភព៖ Kim Channa


ផ្សាយបន្តដោយ៖ Power help




Comments

Popular posts from this blog

តែប៉ុណ្ណេះលែងឆ្ងល់ហេីយ!! តោះទៅស្វែងយល់អំពីរបៀបលេងតុងទីន

តើក្រមសីលធម៌អាជីវកម្មជាអ្វី?

ភាពមាក់ងាយចំពោះអាជីវកម្មបោកអ៊ុត