តើបរមគ្រូអាញស្តាញគាត់ចង់និយាយពីអ្វី?
អ្នកចេះដឹងពិតប្រាកដគេតែដឹងថាខ្លួនចេះកម្រិតណា គេដឹងថាខ្លួនមិនអាចចេះគ្រប់យ៉ាងបានទេ ព្រោះចំណេះដឹងលើលោកទោះជាយើងម្នាក់ៗមានអាយុដល់រាប់ម៉ឺនឆ្នាំក៏រៀនមិនអស់ដែរ កុំថាឡើយមានអាយុត្រឹម ១០០ ឆ្នាំ ហេតុនេះហើយទើបអុីស្រាអែលអញ្ជើញអាញស្តាញឱ្យមកធ្វើនាយករដ្ឋមន្រ្តីតែគាត់ប្រកែកថា "ខ្ញុំគ្មានជំនាញផ្នែកនយោបាយទេ" ហើយគាត់សុខចិត្តរស់នៅយ៉ាងសាមញ្ញ ជាប្រជាជនធម្មតាម្នាក់។
ផ្ទុយទៅវិញ "ភាពអវិជ្ជា" ដែលក្នុងទីនេះខ្ញុំមិនសំដៅទៅលើអ្នកមិនបានរៀនសូត្រជ្រៅជ្រះទេ ទោះបីជាបានរៀនសូត្រច្រើនកម្រិតណាក៏ដោយ តែបើបុគ្គលនោះមានះតាំងខ្លួនថាចេះគ្រប់យ៉ាង គិតថាអ្វីដែលខ្លួននិយាយសុទ្ធតែត្រូវ សុទ្ធតែល្អ អាចវាយតម្លៃបានគ្រប់យ៉ាង ទន្ទឹមនឹងខ្លួនឯងដឹងព្រាលៗឬមិនធ្លាប់មានបទពិសោធអ្វីទាំងអស់ បែបនេះ តាមទស្សនៈខ្ញុំ ខ្ញុំចាត់ទុកថាជាជនអវិជ្ជាចំតួតែម្តង។ ចំណែកអ្នកដែលមិនបានរៀនសូត្រខ្ពង់ខ្ពស់ តែគេទទួលស្គាល់ថាខ្លួនឯងមិនចេះ ហើយខំស្វែងយល់បន្ត នោះខ្ញុំគិតថា នៅគ្រាន់បើជាងបុគ្គលដែលគិតតែខ្លួនឯងហើយសន្មតថាត្រូវតែខ្លួនឯង មិនព្រមក្រឡេកមើលជុំវិញ។ និយាយឱ្យខ្លី មនុស្សអវិជ្ជាមិនទទួលស្គាល់ថាចំណេះដឹងរបស់ខ្លួនមានព្រំដែនទេ នេះហើយគឺភាពគ្មានព្រំដែននៃអវិជ្ជា។
សម្រាប់ខ្ញុំ អ្នកល្ងង់ ដែលដឹងថាខ្លួនឯងមិនចេះ ហើយបន្តរៀនសូត្រជាប្រចាំ ខ្ញុំមិនចាត់ទុកថាជាមនុស្សអវិជ្ជាទេ ខ្ញុំខ្លាចបំផុតគឺមនុស្សដែលចេះតែម្នាក់ឯងនេះឯង។ នៅលើលោក "អ្វីដែលទៀងទាត់គឺការប្រែប្រួល" រឿងខ្លះទោះជាក្នុងបច្ចុប្បន្នយើងជឿថាវាពិត តែយើងមិនអាចធានាបានថា អនាគតទៅមុខវានៅតែពិតនោះទេ។ ខ្ញុំសូមលើកឧទាហរណ៍រឿងមួយជូនជាសណ្តាប់ ៖
កាលពី ហ្កាលីលេអូ (Galileo) រកឃើញថា តាមពិតព្រះអាទិត្យមិនបានវិលជុំវិញផែនដីទេ តែគឺផែនដីឯណោះទេដែលវិលជុំវិញព្រះអាទិត្យ គាត់បានសរសេរអត្ថបទដើម្បីពន្យល់ពីហេតុផល ដោយបានអះអាងពីភស្តុតាង ការសាកពិសោធ និងទឡ្ហីករណ៍ផ្សេងៗ។ កាលនោះ ហ្កាលីលេអូ មានអាយុច្រើនណាស់ទៅហើយ គឺ ៧០-៧៥ ឆ្នាំ សុខភាពក៏មិនសូវមាំទាំ ដេកឈឺនៅលើគ្រែ តែគាត់ត្រូវអ្នកជឿស៊ប់នឹងគ្រិស្ទសាសនាដែលជាតំណាងរបស់ព្រះវិហារ ទាញគាត់ចេញពីគ្រែដើម្បីឱ្យមកជួបនឹងសម្ដេចប៉ាបដោយផ្ទាល់។
សម្ដេចប៉ាបពោលថា "តើឯងដឹងទេថាឯងបានប្រព្រឹត្តបទឧក្រិដ្ឋធំបំផុត ព្រោះក្នុងគម្ពីរប៊ីបបានបញ្ជាក់ច្បាស់ណាស់ ហើយមនុស្សគ្រប់រូបក៏ដឹងគ្រប់គ្នាជាទូទៅថា ព្រះអាទិត្យវិលជុំវិញផែនដី ឯងត្រូវតែកែអត្ថបទរបស់ឯងភ្លាម បើមិនដូច្នោះទេឯងនឹងត្រូវមានទោសឬមួយត្រូវប្រហារជីវិត" ។
ថ្វីបើហ្កាលីលេអូមានវ័យចំណាស់និងសុខភាពមិនសូវជានា តែគាត់ជាបុរសដែលមានចិត្តល្អ មានអារម្មណ៍រីករាយ។ គាត់បានឆ្លើយតបថា "ព្រះគុណម្ចាស់ គ្មានបញ្ហាអ្វីទេ ខ្ញុំព្រះអង្គអាចសរសេរអ្វីក៏បានតាមដែលព្រះគុណម្ចាស់ប្រាថ្នាប៉ុន្តែមានរឿងមួយដែលខ្ញុំព្រះអង្គត្រូវបញ្ជាក់ព្រះគុណម្ចាស់ឱ្យច្បាស់ជាមុន គឺអត្ថបទរបស់ខ្ញុំព្រះអង្គនេះ ព្រះអាទិត្យនិងផែនដីមុខជាមិនបានអានឡើយ ពួកវាមុខតែគោចរតាមផ្លូវចាស់ដូចដែលវាធ្លាប់មានដំណើរតាំងពីដើមរហូតមក មិនផ្លាស់ប្តូរទេ ផែនដីនឹងនៅតែវិលជុំវិញព្រះអាទិត្យជាបន្ត តើព្រះគុណម្ចាស់សម្រេចថាដុតសៀវភៅរបស់ខ្ញុំព្រះអង្គចោល ឬឱ្យខ្ញុំព្រះអង្គកែខ្លឹមសារ?" សម្ដេចប៉ាបនិយាយថា "ឯងត្រូវកែខ្លឹមសារឡើងវិញ"។
ហ្កាលីលេអូក៏កែខ្លឹមសារថ្មីដោយសរសេរថា "យោងតាមគម្ពីរប៊ីប យោងតាមសម្តេចប៉ាប និងយោងតាមការសង្កេតធម្មតារបស់មនុស្ស យើងឃើញថាព្រះអាទិត្យវិលជុំវិញផែនដី"។ ប៉ុន្តែនៅខាងចុងអត្ថបទនោះគាត់បានសរសេរថា "តែបើយោងតាមសភាពពិតជាក់ស្ដែងគឺផ្ទុយគ្នាស្រឡះ តែខ្ញុំមិនអាចធ្វើអ្វីកើត ខ្ញុំមិនអាចធ្វើឱ្យផែនដីនិងព្រះអាទិត្យជឿតាមព្រះគម្ពីរបានទេ ព្រោះវាមិនមែនជាគ្រិស្ទសាសនិក"។ កំណត់ត្រានៅចុងអត្ថបទនេះត្រូវបានរកឃើញបន្ទាប់ពីហ្កាលីលេអូទទួលមរណភាពទៅហើយ បើមិនដូច្នោះទេ គាត់ប្រាកដជាត្រូវពួកគ្រិស្ទសាសនិកចងឆ្កាងជាមិនខាន ព្រោះពួកគេនៅតែដិតជាប់នឹងករណីដែលព្រះយេស៊ូត្រូវគេឆ្កាង។
ខ្ញុំ(ជាសម្តីរបស់ OSHO) ធ្លាប់និយាយជាមួយ ស្ទេនលីយ៍ ចូនស៍ (Stanley Jones) ជាបុគ្គលមានឥទ្ធិពលម្នាក់ក្នុងបណ្តាអ្នកផ្សព្វផ្សាយសាសនាគ្រិស្ទនៅឥណ្ឌា។ ខ្ញុំសួរគេថា "តើលោកមានការយល់ឃើញយ៉ាងណាចំពោះរឿងនេះ? តើហេតុអ្វីបានជាសម្តេចប៉ាបទទូចទាមទារបែបហ្នឹង បើសព្វថ្ងៃនេះវិទ្យាសាស្ត្របានរកឃើញអស់ទៅហើយ ព្រះគម្ពីរប៊ីបគួរតែកែតម្រូវតាមសភាពពិត មិនថាអញ្ចឹងឬ?"។
ស្ទេនលីយ៍ ចូនស៍ ឆ្លើយនឹងខ្ញុំថា "បើធ្វើបែបហ្នឹង វាអាចមានផលវិបាកតាមមកជាច្រើនទៀត។ បើព្រមទទួលយកខ្លឹមសារណាមួយក្នុងព្រះគម្ពីរប៊ីបថាវាខុស តើធ្វើម៉េចនឹងអាចទុកចិត្តបានថាខ្លឹមសារដទៃទៀតក្នុងព្រះគម្ពីរមិនខុស? ព្រះគម្ពីរប៊ីបគឺជាសៀវភៅសក្តិសិទ្ធិដែលមកពីព្រះជាម្ចាស់ផ្ទាល់ គ្មានអ្វីអាចផ្លាស់ប្តូរបានទេ គ្មានអ្វីត្រូវត្រួតពិនិត្យកែតម្រូវទៀតទេ គ្មានអ្វីដែលត្រូវមកបន្ថែមបន្ថយទេ បើទោះជាក្នុងរយៈពេលបីរយឆ្នាំកន្លងមកនេះមនុស្សបានរកឃើញរឿងថ្មីៗជាច្រើនដែលប្រឆាំងនឹងព្រះគម្ពីរក៏ដោយ"។
រឿងដែលគួរឱ្យសង្វេគគឺ ពេលច្បាប់មួយបង្កើតមកហើយ បានអនុវត្តមកហើយ ទោះជាថ្ងៃក្រោយមកយើងរកឃើញថាវាមិនត្រឹមត្រូវ តែវាជារឿងពិបាកនឹងធ្វើការកែតម្រូវ ព្រោះវាត្រូវរុះរើប្រៀបដូចជារុះរើផ្ទះហើយសង់សាថ្មីដូច្នោះដែរ វាធ្វើឱ្យយើងស្មុគស្មាញ ម្ល៉ោះហើយក៏ខ្ជិលរើ ចេះតែទ្រាំៗទៅ ទម្រាំតែដល់ថ្ងៃវាពុកផុយរលួយដោយខ្លួនឯង។ នោះហើយគឺការបិទបាំងដោយភាពអវិជ្ជា មិនទទួលស្គាល់អ្វីជាចំណេះថ្មីៗដែលប្រសើរជាងមុន ចាត់ទុកថាជាភាពអសកម្មមួយ។ នេះហើយគឺអ្វីដែលមនុស្សជាតិបានអនុវត្តពីបុរាណកាលរហូតមកទល់បច្ចុប្បន្ន៕
ប្រភប៖ Kim Channa
ផ្សាយបន្តដោយ៖ Power help

Comments
Post a Comment