គន្លឹះ ៥ យ៉ាងសម្រាប់ទីផ្សារហាងកាហ្វេ
បច្ចុប្បន្នទីផ្សារកាហ្វេក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះទាំងម្ចាស់អាជីវកម្ម និងអតិថិជន។ យើងអាចសង្កេតបានតាមរយៈចំនួនហាងកាហ្វេ និងចំណង់ចំណូលចិត្តក្នុងការញ៉ាំកាហ្វេរបស់អតិថិជនដែលចូលចិត្តញ៉ាំកាហ្វេឆុងថ្មីៗកាន់តែច្រើនឡើង ដែលធ្វើឲ្យការបើកហាងកាហ្វេក្លាយជាអាជីវកម្មដែលទាក់ទាញចំណាប់អារម្មណ៍សហគ្រិនថ្មី។ ប៉ុន្ដែការធ្វើឲ្យហាងកាហ្វេអាចដំណើរការបានយូរអង្វែង សហគ្រិនត្រូវសិក្សា និងពិចារណាពីព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។ ដូច្នេះទើបយើងបានចងក្រងនូវវិធីសាស្ត្រគ្រប់គ្រងចំនួន ៥ ដើម្បីអាចដំណើរការហាងកាហ្វេឲ្យរីកចម្រើន បណ្ដាក់ទុនដោយមិនខាត និងធ្វើឲ្យប្រាក់ចំណេញកើនឡើងដោយមាន
និរន្ដរភាព៖
១)ទីតាំង
ទោះបីជារសជាតិកាហ្វេ និងសេវាកម្មល្អយ៉ាងណា តែបើមិនមានអតិថិជននោះអាជីវកម្ម នឹងក្ស័យធន។ រឿងដែលសំខាន់ដំបូងបង្អស់សម្រាប់ការបើកហាងកាហ្វេគឺ ទីតាំង ព្រមទាំងការវិភាគពីគូប្រកួតប្រជែងដែលនៅជិតបរិវេណនោះផងដែរ មិនថាលក្ខខណ្ឌនៃភាពដូចគ្នា ភាពខុសគ្នា រហូតដល់ការតុបតែងហាងឲ្យត្រូវគ្នាទៅនឹងរចនាបទដែលចង់បាន ដើម្បីបង្កើតជាចំណុចលេចធ្លោដែលនឹងជួយធ្វើឲ្យអតិថិជនជ្រើសរើសពិសារកាហ្វេនៅហាងរបស់យើង។ កិច្ចការទាំងនេះជាអ្វីដែលសហគ្រិនត្រូវតែពិចារណាយ៉ាងយកចិត្តទុកដាក់មុននឹងសម្រេចចិត្តបើកហាងកាហ្វេ។
២)ត្រូវដឹងពីអតិថិជនគោលដៅ
ពេលរកទីតាំងបានហើយ រឿងមួយទៀតដែលត្រូវតែមើលឲ្យធ្លុះក្នុងការធ្វើអាជីវកម្ម គឺបញ្ហារបស់ក្រុមអតិថិជនគោលដៅ ដែលយើងត្រូវសិក្សាថាតើទីតាំងរបស់ហាង មានក្រុមអតិថិជនគោលដៅជានរណាដូចជា ទីតាំងនៅជិតស្ថាប័នសិក្សា តំបន់ ពាណិជ្ជកម្ម រួមទាំងតម្លៃផលិតផល ប្រភេទផលិតផល និងសេវាកម្មដែលនឹងត្រូវលក់ដូចជា ការត្រូវមាននំខេក និងនំប៉័ងសម្រាប់ពិសារជាមួយកាហ្វេ មានតុ ព្រីភ្លើង និង Wifi ជាដើម ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការអង្គុយធ្វើការ។ ប្រសិនបើយើងអាចមើលដឹងពីក្រុមអតិថិជនគោលដៅ វានឹងផ្ដល់ផលល្អក្នុងការរៀបចំហាងឲ្យ ត្រូវទៅនឹងតម្រូវការរបស់អតិថិជនបានដោយប្រើប្រាស់មូលដ្ឋានទីផ្សារ 4P គឺ ផលិតផល (Product) តម្លៃ (Price) បណ្ដាញ ចែកចាយ (Place) និងការជំរុញការលក់ (Promotion)។
P1) ផលិតផល (Product) ដើម្បីបង្កើតកាហ្វេដែលមានរសជាតិឆ្ងាញ់ ត្រូវមាត់ត្រូវចិត្ត អតិថិជន ម្ចាស់អាជីវកម្មគួរតែផ្ដោតការយកចិត្តទុកដាក់ទាំងឧបករណ៍ និងវត្ថុធាតុ ដើមដែលប្រើប្រាស់ និងត្រូវអភិវឌ្ឍរូបមន្ដភេសជ្ជៈដែលមានភាពចម្រុះ។ ក្រៅពីនេះក៏អាចបង្កើតភាពខុសប្លែកទៅលើកាវេចខ្ចប់ឲ្យបានស្អាត លេចធ្លោពីហាងផ្សេងៗផងដែរ។
P2) តម្លៃ (Price) គឺជាយុទ្ធសាស្ត្រសំខាន់ដែលជួយទាក់ទាញអតិថិជន ដែលការ កំណត់តម្លៃនឹងត្រូវពិចារណាលើថ្លៃដើមរបស់វត្ថុធាតុដើមដែលបានចំណាយក៏ដូចជាការកំណត់តម្លៃឲ្យស្របគ្នាទៅនឹងក្រុមអតិថិជនគោលដៅ ហើយក៏ត្រូវពិចារណាពីវត្ថុធាតុដើមឲ្យសាកសមនឹងតម្លៃដែលកំណត់ផងដែរ។
P3) បណ្ដាញចែកចាយ (Place) សំដៅលើទីតាំងដែលម្ចាស់អាជីវកម្មបានជ្រើសរើស ក្រៅពីភាពសាកសមដែលអាចចូលទៅដល់អតិថិជនបានងាយស្រួលហើយ បើសិនជាចង់ឲ្យលក់ដាច់ត្រូវតែធ្វើយ៉ាងណាឲ្យផលិតផល តម្លៃ និងការជំរុញការលក់ស្របគ្នាទៅនឹងទីតាំងផងដែរ។
P4) ការជំរុញការលក់ (Promotion) ជួយឲ្យម្ចាស់អាជីវកម្មមានលទ្ធភាពលក់ ផលិតផលឲ្យបានកាន់តែច្រើន។ ដូចនេះបានជាហាងកាហ្វេភាគច្រើនប្រើ ប្រាស់ខិត្តបណ្ណ ឬប្រព័ន្ធផ្សព្វផ្សាយបែបបោះពុម្ព សម្រាប់ការទំនាក់ទំនងសាធារណៈនៅតាមទីប្រជុំជន និងកន្លែងស្នាក់នៅផ្សេងៗ រួមទាំងការបង្កើតការយល់ដឹងពីហាងតាមរយៈបណ្ដាញសង្គមដូចជា Facebook និង Instagram ក្នុងពេលជាមួយគ្នាទៅនឹងការប្រូម៉ូសិនផលិតផលតាមគេហទំព័រផ្សេងៗ ដែលវិធីទាំងនេះ អាចជួយបង្កើនបរិមាណការលក់ឲ្យកើនឡើងបានច្រើនយ៉ាងមិនគួរឲ្យជឿ។
៣)សោភ័ណ្ឌភាពនិងបរិយាកាសនៅក្នុងហាង
ហាងកាហ្វេដែលជោគជ័យភាគច្រើនមិនត្រឹមតែផ្តល់ជូនអតិថិជននូវកាហ្វេឬភេសជ្ជៈតែប៉ុណ្ណោះទេ អ្វីដែលលើសពីនេះទៅទៀតនោះ គឺជាអារម្មណ៍និងបរិយាកាសនៃការញុំាកាហ្វេ។ម្ចាស់អាជីវកម្មហាងកាហ្វេជាច្រើនបានមើលរំលងនូវចំណុចដ៏ពិសេសមួយនេះដែលជាហេតុធ្វើឲ្យអាជីវកម្មរបស់ពួកគេពុំសូវទទួលបានភាពជោគជ័យទ្បើយ ។ ការរៀបចំបរិយាកាសនៅក្នុងហាងកាហ្វេនេះ គឺតម្រូវទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជនស្ទើរតែគ្រប់ប្រភេទ ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាវាមិនត្រឹមតែជាហាងកាហ្វេធម្មតាតែជាកន្លែងដែលអាចសម្រាក និងចំណាយពេលទៅលើអ្វីដែលពួកគេចូលចិត្តផងដែរ។ នេះ គឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការទាក់ទាញ និងផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អជាមួយអតិថិជនដោយធ្វើឲ្យពួកគេមានអារម្មណ៍ថាអ្នកជាផ្នែកមួយនៃចំណង់ចំណូលចិត្តរបស់ពួកគេ។ ដូច្នេះហើយការដែលអ្នកព្យាយាមបំពេញនូវតម្រូវការនិងចំណង់ចំណូលចិត្តរបស់អតិថិជនគឺពិតជារឿងដែលសំខាន់និងចាំបាច់ណាស់សម្រាប់អាជីវកម្ម ។
៤)កសាងនូវគុណតម្លៃនៃអាជីវកម្ម
វាជាការពិតណាស់ដែលថាអ្នកបង្កើតអាជីវកម្មទ្បើងដើម្បីទាញយកប្រាក់ចំណូលពីអតិថិជន ។ ប៉ុន្តែការធ្វើអាជីវកម្មមួយឲ្យបាន ជោគជ័យនិងយូរអង្វែរមិនមែនផ្តោតសំខាន់ទៅលើតែការលក់តែមួយមុខនោះទេ ។ អ្វីដែលលើសពីនេះទៅទៀតនោះគឺជាការកសាងនូវទំនាក់ទំនងដ៏ល្អបំផុតជាមួយអតិថិជនទើបពួកគេអាចនៅជាមួយអ្នកបានយូរ អង្វែង។
ដូចនេះក្នុងនាមជាម្ចាស់អាជីវកម្មអ្នកគួរតែព្យយាមរិះរក និងបង្កើតនូវគុណតម្លៃសម្រាប់អតិថិជនរបស់អ្នកឲ្យបានច្រើនហើយព្យាយាមថែរក្សាពួកគេឲ្យបានល្អនោះពួកគេនិងក្លាយទៅជាអ្នកណែនាំអំពីអាជីវកម្មរបស់អ្នកទៅកាន់មនុស្សជុំវិញខ្លួនពួកគេជាក់ជាមិនខាន។ អ្នកកាន់តែផ្តល់នូវតម្លៃទៅឲ្យពួកគេច្រើនប៉ុណ្ណា ពួកគេនឹងក៏នឹងផ្តល់នូវផលតបស្នងឲ្យអ្នកកាន់តែច្រើនប៉ុណ្ណោះដែរ ។ ពួកគេមិនមែនត្រឹមតែជាអតិថិជនធម្មតានោះទេ ផ្ទុយទៅវិញពួកគេ គឺជាអ្នកគាំទ្រដ៏ស្មោះត្រង់នៃអាជីវកម្មរបស់អ្នក ។
៥)ការអនុវត្តន៍នូវយុទ្ធសាស្រ្តទីផ្សារឌីជីថល
មធ្យោបាយដ៏ល្អបំផុតដែលអាចធ្វើឲ្យអតិថិជនស្គាល់និងចងចាំពីអាជីវកម្មរបស់អ្នកនោះ គឺតាមរយៈការធ្វើទីផ្សារឌីជីថល។ នៅពេលដែលមានអ្នកចែករំលែកកាន់តែច្រើននៅលើទំព័រអាជីវកម្មរបស់អ្នក ឱកាសដែលមានអ្នកឃើញនិងស្គាល់នូវហាងកាហ្វេរបស់ពួកគេក៏ច្រើនដែរ ។ នេះ គឺជាវិធីក្នុងការ ផ្សព្វផ្សាយអាជីវកម្មមួយដ៏ល្អនិងមានប្រសិទ្ធិភាពខ្ពស់ផងដែរ ។ ទាំងនេះហើយគឺជាយុទ្ធសាស្រ្តទីផ្សារឌីជីថលដែលអាចជួយបង្កើនកេរ្តិ៍ឈ្មោះ និងរូបភាពនៃអាជីវកម្មបានយ៉ាងល្អ។
ក្រៅពីវិធីសាស្ដ្រទាំង ៥ ខាងលើ រឿងដែលសំខាន់បំផុតសម្រាប់ការធ្វើអាជីវកម្មគឺ ការមានការប្ដេជ្ញាចិត្ត តស៊ូនឹងឧបសគ្គ ព្រោះការចាប់ផ្ដើមអាជីវកម្មមិនមែនជារឿងងាយឡើយ។ ប្រសិនបើត្រូវជួលបុគ្គលិកឲ្យមកគ្រប់គ្រងអាជីវកម្ម រឹតតែត្រូវបង្កើតភាពជឿជាក់ និងការជំរុញទឹកចិត្តដល់បុគ្គលិកដើម្បីឲ្យពួកមានក្ដីសុខ និងស្រឡាញ់ការផ្ដល់សេវាកម្មផងដែរ៕
________________________________
ចងក្រងអត្ថបទដោយ៖ ក្លត ដៀន-Klart Dean
#នាំមកជូនដោយ៖ Power help
សូមជួយLike & Shareអត្ថបទនេះផង👌
សូមអរគុណ🙏🙏🙏
Comments
Post a Comment